តើស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗនៅអឺរ៉ុបមានការប្រែប្រួលបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសបារាំង បានស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី២ បន្ទាប់ពីបារាំងបានលក់កប៉ាល់ទេសចរណ៍ដ៏ធំបំផុតទី២ នៅលើពិភពលោក ខណៈអាល្លឺម៉ង់វិញកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច។

បារាំងបានផលិតកប៉ាល់ឈ្មោះ“Utopia of the Seas”លក់ទៅឱ្យប្រតិបត្តិករកប៉ាល់ទេសចរណ៍ Royal Caribbean ដោយបានចាក់បញ្ចូលទឹកប្រាក់ ជាង១,០៨ពាន់លានដុល្លារ ចូលទៅក្នុងទិន្នផលសេដ្ឋកិច្ចបារាំង (Economic output) និងជួយបង្កើនកំណើនពាណិជ្ជកម្មដល់០,៦% និងជំរុញកំណើនផលទុនជាតិសរុប(GDP) របស់បារាំងដល់០,៣%។

សេដ្ឋកិច្ចរបស់ប្រទេសបារាំង អាចនឹងបន្តបង្ហាញភាពប្រសើរឡើងបន្ថែមទៀត នៅត្រីមាសទី៣នេះ ប្រសិនបើព្រឹត្តិ ការណ៍ប្រកួតកីឡាអូឡាំពិក ជួយជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដោយលុបបំបាត់ការព្រួយបារម្ភ អំពីការជាប់គាំងផ្នែកនយោបាយ នៅក្នុងសភាបារាំង បន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ។

ក្នុងចំណោមបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុប ប្រទេ សអេស្ប៉ាញបាននាំមុខគេ ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច នៅត្រីមាសក្នុងរង្វង់០,៨% ខណៈសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី បានបន្តស្ទុះងើបឡើងវិញ ក្នុងអត្រា០,២ភាគរយ។

ចំណែក សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនធំជាងគេ របស់សហភាពអឺរ៉ុប និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក បានធ្លាក់ចុះក្នុងរង្វង់០,១ភាគរយ។

លោក Pushpin Singh សេដ្ឋវិទូជាន់ខ្ពស់នៅមជ្ឈមណ្ឌលប្រឹក្សាសេដ្ឋកិច្ច និងស្រាវជ្រាវពាណិជ្ជកម្ម បានលើកឡើងថា “អត្រាកំណើននៅតំបន់ចាយប្រាក់អឺរ៉ូ មានសភាពល្អប្រសើរជាងការរំពឹងទុក ហើយតំបន់នេះបានឆ្លងផុត ស្ថានភាពលំបាកបំផុតចាប់តាំងពីដើមឆ្នាំ២០២៤”។

លោកបានបន្ថែមថា “ទស្សនវិស័យសេដ្ឋកិច្ចអាចនឹងបង្ហា​ញសញ្ញាប្រសើរឡើង បន្ថែមទៀតពេញមួយឆ្នាំ ដែលជំរុញដោយការបន្ធូរបន្ថយ គោលនយោបាយអត្រាការប្រាក់ ដោយធនាគារកណ្តាលអឺរ៉ុបនាពេលថ្មីៗនេះ”។

យ៉ាងណាមិញ លោក Bert Colijn សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារហូឡង់ ING បានបង្ហាញការព្រួយបារម្ភថា “ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ នឹងអូសទាញសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ ទាំងមូលឱ្យធ្លាក់ចុះដែរ”៕ប្រភព: The Guardian៕

LEAVE A REPLY

Please enter your comment!
Please enter your name here