អគារអាផាតម៉ិនជាង១៣.០០០យូនីតនៅប្រទេសវៀតណាម ត្រូវបានទុកចោលគ្មានអ្នករស់នៅ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសវៀតណាម បានសាងសង់អគារអាផាតម៉ិនជាង១៣.០០០យូនីត បម្រុងទុកសម្រាប់ប្រជាជនរបស់ខ្លួន ដែលផ្លាស់ទីលំនៅពីទីតាំងដីធ្លី ដែលរដ្ឋាភិបាលបានទិញដើម្បីអភិវឌ្ឍន៍។

ប៉ុន្តែគិតមកទល់ពេលនេះ អាផាតម៉ិនទាំងនោះ នៅតែមិនទាន់មានអ្នកចូលរស់នៅ។

អគារអាផាតម៉ិនចំនួន៥.៣០០ ត្រូវបានសាងសង់ឡើងសម្រាប់ប្រជាជន ដែលរស់នៅតំបន់ Thu Thiem ក្នុងទីក្រុងហូជីមិញ។ រដ្ឋាភិបាលបានទិញដីធ្លី របស់ប្រជាជនរស់នៅទីនោះ ដើម្បីអភិវឌ្ឍន៍តំបន់ Thu Thiem ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិថ្មី។

យោងតាមមន្ទីរ​សំណង់​ក្រុង​ហូជីមិញបាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ ​ត្រូវ​បាន​ផ្តល់​ជម្រើស​ចំនួន៣ រួមមាន ការផ្តល់សំណងជាប្រាក់ អាផាតម៉ិន ឬ​ដី។ ប៉ុន្តែប្រជាជនភាគច្រើន បានជ្រើសរើសយកសំណងជាប្រាក់ ដែលនាំឱ្យអគារអាផាតម៉ិនជាច្រើន ដែលត្រូវបានសាងសង់បម្រុងទុកទាំងនោះពុំមានអ្នករស់នៅ។

សមាគមអ្នកអចលនវត្ថុវៀតណាម បានលើកឡើងថា គម្រោងអាផាតម៉ិន មួយចំនួនស្ថិតនៅក្នុងទីតាំងដាច់ស្រយាល ហើយថែមទាំងខ្វះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីទាក់ទាញអ្នករស់នៅ ដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។

តំបន់បណ្តុំអគារអាផាតម៉ិនមួយទៀត ដែលពុំមានអ្នកចូលរស់នៅ គឺតំបន់ Vinh Loc B ដែលមានអាផាតម៉ិនចំនួន១.៤៦៥យូនីត ឬស្មើនឹង៣ភាគ៤ នៃចំនួនអាផាតម៉ិនសរុប ដែលត្រូវបានចាក់សោទុកចោល។ ការ​សាង​សង់​បាន​ចាប់​ផ្តើ​ម​កាល​ពី១៥ឆ្នាំ​មុន​ ខណៈអគារ​បាន​ខូច​ខាត​ទៅហើយ។

ចំណែក នៅខណ្ឌទី៧(District 7) ក្នុងទីក្រុងហូជីមិញដ​ដែ​ល គេសង្កេតឃើញថា អាផាតម៉ិនចំនួន២២១យូនីត ដែលត្រូវបានបញ្ចប់ការសាងសង់ កាលពី១៥ឆ្នាំមុន មិនមានអ្នកផ្លាស់ចូលទៅរស់នៅនោះទេ។

រីឯ នៅក្នុងទីក្រុងហាណូយវិញ គេសង្កេតឃើញមានអគារអាផាតម៉ិនចំនួន១៧០ខ្នង ដែលមានអាផាតមុិនចំនួន១៤.២០០យូនីត។ ប៉ុន្តែអគារភាគច្រើន ត្រូវបានទុកឱ្យនៅទំនេរចោលអស់ជាច្រើនឆ្នាំមកហើយ។

តួយ៉ាងគម្រោងមួយស្ថិតនៅក្នុងសង្កាត់ Tay Ho ដែលមានអគារចំនួន៤ខ្នង ត្រូវបានគេរចនាឡើងសម្រាប់មនុស្សរស់នៅចំនួន២.៨០០នាក់។ ប៉ុន្តែបច្ចុប្បន្ននេះ អគារទាំងនោះសុទ្ធ​តែត្រូវបានចាក់សោរទុកចោលទាំងអស់។

ផ្ទុយទៅវិញ អគារអាផាតម៉ិនពាណិជ្ជកម្ម ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃ ខ្ពស់កប់ពពកប្រមា​ណ៦០លានដុងក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here