ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញបំផុត ដែលបានចូលរួមរចនាអគារខ្ពស់ជាងគេ នៅលើពិភពលោក គ្រោងនឹងរចនាអគារខ្ពស់ៗផ្សេងទៀត ឱ្យមានសមត្ថភាពអាចរក្សាស្តុកទុកថាមពលបាន។

ជាក់ស្តែង ក្រុមហ៊ុន Skidmore, Owings & Merrill LLP (SOM) ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក និងជាស្ថាបត្យករនៃអគារ Burj Khalifa នៅទីក្រុងឌូបៃ បានប្រកាសគោលបំណង ប្រកបដោយមហិច្ឆិតារបស់ខ្លួន ក្នុងការប្រែក្លាយអគារខ្ពស់ៗនានា ជាថ្មអាគុយ(Batteries) ដោយប្រើប្រាស់ថាមពលទំនាញផែនដី។
-->
ក្រុមហ៊ុនស្ថាបត្យកម្មខាងលើ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា “យើងបានចាប់ដៃគូជាមួយក្រុមហ៊ុន Energy Vault ដើម្បីបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធផ្ទុកថាមពលទំនាញផែនដី។ នៅពេលប្រព័ន្ធថាមពលនេះ ត្រូវបានបញ្ចេញ វានឹងបង្កើតបានថាមពល និងអាចបំប្លែងជាអគ្គិសនីបាន” ។
ការបង្កើតភាពជាដៃគូនេះ មានគោលបំណង កំណត់អនាគតនៃស្ថាបត្យកម្ម អគារប្រកបដោយនិរន្តរភាព តាមរយៈការកែច្នៃថាមពលកកើតឡើងវិញ។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រក្រុមហ៊ុនSOM នឹងបំពេញមុខងារជាស្ថាបត្យករ និងវិស្វករផ្នែករចនាសម្ព័ន្ធផ្តាច់មុខ ទទួលបន្ទុករៀបចំប្រព័ន្ធផ្ទុកថាមពលទំនាញផែនដី (GESS) ជំនាន់ក្រោយរបស់ក្រុមហ៊ុន Energy Vault។
លោក Robert Piconi ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Energy Vault បានលើកឡើងថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចាប់ផ្តើមភាពជាដៃគូសកលផ្តាច់មុខ ជាមួយក្រុមហ៊ុន Skidmore, Owings & Merrill ដែលមានបទពិសោធន៍ លើការអភិវឌ្ឍន៍សំណង់ ដ៏អច្ឆរិយៈជាច្រើននៅលើពិភពលោក”។
លោកបន្ថែមថា ការសហការគ្នា ក្រោមភាពជាដៃគូយុទ្ធសាស្រ្តរបស់យើង ជាមួយក្រុមហ៊ុន SOM បានបើកចំហទីផ្សារថ្មី ដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុន Energy Vault និងផ្តោតលើអនាគត ប្រកបដោយនិរន្តរភាពក្នុងការរចនាអគារថ្មី និងប្រសិទ្ធភាពថាមពល”៕ប្រភព: Interesting Engineering៕