ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុី លោក Anthony Loke Siew Fook អះអាងថា រដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅតាមកំពង់ផែដែលមានស្រាប់ ដើម្បីធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទីតាំងចូលចតរបស់នាវាទេសចរណ៍ធំៗ។
លោកបានបន្តថា ការកែលម្អជាច្រើនកំពុងត្រូវបានធ្វើឡើង រួមទាំងការបង្កើនសមត្ថភាពចំណតទេសចរណ៍របស់កំពង់ផែ Port Klang ដើម្បីផ្ទុកកប៉ាល់ទេសចរណ៍កាន់តែច្រើន និងបង្កើនសោភ័ណភាពរបស់តំបន់ជុំវិញចំណតរបស់កំពង់ផែ Swettenham Pier នៅទីក្រុង Penang។
លោក Loke បានឱ្យដឹងទៀតថា កំពង់ផែដែលមានស្រាប់នៅទីក្រុង Melaka និងកោះ Langkawi ជាដើមនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ខណៈបច្ចុប្បន្ន កំពង់ផែទាំង២ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលផ្ទុកនាវាទេសចរណ៍។
-->
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ម៉ាឡេស៊ីបានទទួលនាវាទេសចរណ៍ចំនួន១.០៥៥គ្រឿងក្នុងឆ្នាំ២០២៣ ដែលបាននាំលំហូរភ្ញៀវទេសចរណ៍ចំនួន១,៥លាននាក់។ ចំនួននៃការមកដល់របស់នាវាទេសចរណ៍កើនឡើងចំនួន៨៥% បើធៀបនឹងឆ្នាំ២០១៩។
លោក Loke បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងដើម្បីស្រូបទាញកប៉ាល់ទេសចរណ៍កាន់តែច្រើន នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច ដោយហេតុថាបច្ចុប្បន្ន កប៉ាល់ទេសចរណ៍ភាគច្រើនបានចូលចតនៅម៉ាឡេសុីត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ”។
លោកបានពន្យល់ថា “អត្ថប្រយោជន៍ដែលយើងអាចទទួលបានពីការបង្កើនសមត្ថភាពចំណតទេសចរណ៍ រួមមាន ការស្នាក់នៅរយៈពេលយូររបស់អ្នកដំណើរ ហើយការចំណាយរបស់ពួកគេក៏នឹងកើនឡើងផងដែរ”។
ដូច្នេះ លោក Loke បានជំរុញឱ្យរដ្ឋបាលនៅតាមរដ្ឋនីមួយៗ ដែលមានសក្តានុពលទាក់ទាញនាវាទេសចរណ៍ត្រូវចូលរួមផ្សព្វផ្សាយអំពីតំបន់របស់ពួកគេ។
លោកបន្ថែមថា “យើងបានគណៈកម្មាធិការបច្ចេកទេសមួយឡើងដើម្បីពន្លឿនកំណើនឧស្សាហកម្មកប៉ាល់ទេសចរណ៍នៅប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំដោយក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌”។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា គណៈកម្មាធិការបច្ចេកទេសមានតួនាទីជំរុញ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍នៅពេលចេញ-ចូលនាវា និងជួយសម្រួលឱ្យនាវាទេសចរណ៍អាចឈប់ចតបានយ៉ាងលឿន និងមានប្រសិទ្ធិភាព៕ប្រភព: Bernama៕