អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងទូទាត់សងប្រាក់កក់ឱ្យអតិថិជនវិញ ខណៈគម្រោងជាប់គាំង

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ថា ក្រោមការសម្របសម្រួលពីអាជ្ញាធរក្នុងតំបន់មូលដ្ឋាន អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងទូទាត់សងប្រាក់កក់ឱ្យអតិថិជនវិញ ខណៈអាផាតមុិននៅក្នុងគម្រោងរបស់ពួកគេមិនអាចបញ្ចប់ការសាងសង់បាន។

សារពត៌មាន New Beijing News បានរាយការណ៍នៅសប្តាហ៍នេះថា ការសងប្រាក់ ត្រូវបានសម្របសម្រួលដោយរដ្ឋបាលទីក្រុងណានជីង និងជាករណីដំបូងគេបង្អស់នៅក្នុងប្រទេសចិន។ នេះជាគំរូសម្រាប់ទីក្រុង និងអ្នកអភិវឌ្ឍន៍ផ្សេងទៀតក្នុងការដោះស្រាយបញ្ហាផ្ទះមិនទាន់សង់រួចរាល់។

ជាក់ស្ដែង អតិថិជន៣៣នាក់ក្នុងចំណោមអតិថិជនសរុបចំនួន៤២នាក់ ដែលបានទិញលំនៅដ្ឋាននៅទីក្រុងណានជីង ក្នុងគម្រោងលក់មុន(Pre-sale) ឈ្មោះ “Zhujiang Siji Yuecheng” បានចុះកិច្ចព្រមព្រៀងជាមួយអ្នកអភិវឌ្ឍន៍ដើម្បីយកប្រាក់កក់របស់ពួកគេមកវិញ។

គម្រោងនេះបានផ្អាកការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនម៉ៅការ Jiangsu Suzhong Construction Group បានជួបប្រទះបញ្ហាសាច់ប្រាក់ធ្ងន់ធ្ងរ។

រដ្ឋបាលតំបន់មូលដ្ឋានបានអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនី escrow សរុបចំនួន៥០,៦៧លានយ័ន (ប្រហែល៧លានដុល្លារអាមេរិក) ដើម្បីទូទាត់សងប្រាក់ឱ្យអ្នកទិញវិញ។

គណនី escrow ដើរតួជាយន្តការសុវត្ថិភាព។ គណនីនេះរក្សាទុកទឹកប្រាក់របស់អ្នកទិញ រហូតដល់អ្នកលក់បំពេញលក្ខខណ្ឌចាំបាច់រួចរាល់ ដូចជាការផ្ទេរប្លង់រឹង ឬកិច្ចសន្យាផ្សេងៗដែលបានព្រមព្រៀងគ្នា។ ការណ៍នេះអាចកាត់បន្ថយហានិភ័យ និងធានាថា ប្រតិបត្តិការបញ្ចប់តាមលក្ខខណ្ឌដែលបានព្រមព្រៀង។

ចាប់តាំងពីឆ្នាំ២០២១ អ្នកអភិវឌ្ឍន៍ជាច្រើននៅទូទាំងប្រទេសចិន មិនអាចបញ្ចប់ការសាងសង់គម្រោងបានទេ ដោយសារវិបត្តិសាច់ប្រាក់ និងបំណុល។ ក្រុមអ្នកបង្កើតគោលនយោបាយចិនកំពុងទាមទារឱ្យអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហា និងប្រគល់ផ្ទះទៅឱ្យអ្នកទិញ ដើម្បីធានាស្ថិរភាពសង្គម៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here