ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុង Cavite ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កំពុងប្រែប្រួលមុខមាត់ ស្របពេលដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទីក្រុង Cavite នៅតំបន់កោះ Luzon បានទាក់ទាញការវិនិយោគ ប្រកបដោយជោគជ័យ ពីក្រុមហ៊ុនបរទេស ដែលគ្រោងនឹងបង្កើត ឬពង្រីកប្រតិបត្តិការ ដូចជាការបង្កើនទំហំឧស្សាហកម្ម និងឃ្លាំង។ ការរីកចំរើនផ្នែកឧស្សាហកម្មនេះ នឹងបង្កើតការងារកាន់តែច្រើន និងជំរុញតម្រូវការលំនៅដ្ឋាន និងសេដ្ឋកិច្ចក្នុងស្រុកឱ្យរីកចម្រើន។
-->
ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Federal Land របស់ហ្វីលីពីន និងក្រុមហ៊ុនជប៉ុន Nomura Real Estate Development បានបោះទុនវិនិយោគរួមគ្នា ដើម្បីបង្កើតសហគមន៍ Riverpark North ដែលមានទំហំ៦០០ហិកតា។
ទីក្រុងរណប Riverpark North នឹងផ្តល់ជូននូវការរស់នៅដ៏រស់រវើក និងទេសភាព ដែលរួមបញ្ចូលនូវបទពិសោធន៍ទាំងសងខាងទន្លេរ និងសួនច្បារ។
សហគមន៍ថ្មីនេះ នឹងរួមបញ្ចូលហាងលក់រាយ និងសកម្មភាពនៃការកម្សាន្ត នៅក្នុងថ្ងៃចុងសប្តាហ៍ ក៏ដូចជាជម្រើសលំនៅដ្ឋាន រួមមានគម្រោងលំនៅដ្ឋាន ដីឡូតិ៍ពាណិជ្ជកម្ម ការិយាល័យ និងទីតាំងឧស្សាហកម្មជាដើម។
ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍បានសាងសង់ផ្លូវជិះកង់ដោយដាក់ឈ្មោះថា“Riverpark Trails”ដែលមានចម្ងាយប្រមាណ១,៨គីឡូម៉ែត្រ និងត្រូវបានរចនាឌីហ្សាញឡើង សម្រាប់អ្នកចូលចិត្តជិះកង់គ្រប់កម្រិតបទពិសោធន៍។
ចំណែក The Central Park ដើរតួនាទីជាផ្លូវហាយវេបៃតង ដែលតភ្ជាប់រវាងចុងភាគខាងជើង និងចុងភាគខាងត្បូងនៃគម្រោងទីក្រុងខាងលើ ដោយផ្តល់ឱ្យប្រជាជនទទួលបាននូវទីធ្លាទំនេរគ្រប់គ្រាន់ សម្រាប់សម្រាកលំហែកាយ។
ទីក្រុងរណបនេះរួមមាន លក្ខណៈពិសេសផ្សេងទៀត ដូចជាផ្លូវដើរលេង សួនច្បារដ៏ខៀវស្រងាត់ និងការដាំព្រៃឬស្សី ដែលបំផុសគំនិតដោយ រមណីយដ្ឋាន Arashiyama Bamboo Grove ក្នុងទីក្រុង Kyoto របស់ប្រទេសជប៉ុន។
សហគមន៍ទីក្រុង Riverpark North នឹងរួមមាន ទីតាំងប្រើប្រាស់ចម្រុះទំហំ៤ហិចតា រួមជាមួយនឹងការផ្តល់ជូនដីឡូតិ៍ពាណិជ្ជកម្ម សម្រាប់សាងសង់អគារ អាផាតម៉ិន អគារសិក្ខាសាលា ការិយាល័យ និងអគារអន្តេវាសិកដ្ឋានដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េទៅ២.៤០០ម៉ែត្រការ៉េ៕ ប្រភព: Phil star.com៕