ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរកឃើញថា ខេត្តកំពង់ឆ្នាំងជាភូមិសាស្រ្តមានភាពសមស្របសម្រាប់ជាទីតាំង មជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំតំបន់ ខណៈរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹក ជញ្ជូនបានជំរុញឲ្យអ្នកវិនិយោគបរទេស ស្ថាបនាព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងឡើងវិញ។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ មិនានេះថា ការសិក្សារបស់អង្គការ JICA បានរកឃើញថា ខេត្តកំពង់ឆ្នាំងសមស្របជាទីតាំងកណ្តាល នៃការផ្លាស់ប្តូរទំនិញនិងការដឹកជញ្ជូននៅពេលអនាគត (Cargo Hub) ប៉ុន្តែដើម្បីប្រែក្លាយខេត្តនេះជាតំបន់បែបនេះបានទាមទារឲ្យមានការសាងសង់ផ្លូវហាយវេ និងការសាងសង់ឡើងវិញនូវព្រលានយន្តហោះក្នុងខេត្តឡើងវិញផងដែរ។
លោកបន្តថា “ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាចាប់អារម្មណ៍វិនិយោគសាងសង់ព្រលានយន្តហោះក្នុងខេត្តកំពង់ឆ្នាំងឡើងវិញនៅឡើយទេ”។ លោកបន្តថា “រដ្ឋាភិបាលតែងតែមានផែនការអភិវឌ្ឍន៍ហើយ ប៉ុន្តែអ្វីៗវាត្រូវការពេលវេលាជាក់លាក់មួយ”។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៩ មិនាម្សិលម៉ិញនេះ ដោយលោកបានអំពាវនាវឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគសាងសង់ព្រលានយន្តហោះក្នុងខេត្តកំពង់ឆ្នាំងឡើងវិញ ដោយសារខេត្តនេះមានព្រលានយន្តហោះស្រាប់ និងជាទីតាំងមានសក្តានុពលនាពេលអនាគត ពិសេសជាតំបន់ដែលមានការតភ្ជាប់ផ្លូវដែករវាងរាជធានីភ្នំពេញ ទៅកាន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕