អគារខ្ពស់កប់ពពកចំនួន២គ្រោងលេចរូបរាងឡើងនៅក្នុងទីក្រុងហ្សាការតា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្ស Mitsubishi Estate គ្រោងសាងសង់អគារលំនៅដ្ឋាន និងអគារប្រើប្រាស់ចម្រុះនៅក្នុងទីក្រុងហ្សាកាតា ស្ថិតក្នុងចំណោមលំដាប់អគារខ្ពស់កប់ពពកនៅប្រទេសឥណ្ឌូនេស៊ី។

គម្រោងខាងលើនេះមានឈ្មោះថា “Two Sudirman Jakarta”ដោយមានអគារចំនួន២។ អគារទី១(Tower A)មានកំពស់៧៤ជាន់ ឬស្មើនឹង៣៣០ម៉ែត្រ ខណៈអគារមួយទៀត មានកំពស់៦៥ជាន់ ឬស្មើនឹង២៧០ម៉ែត្រ។

អគារទាំង២ មានទីតាំងនៅតាមបណ្តោយផ្លូវ Sudirman ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងហ្សាការតា។ គម្រោងនេះ ក៏មានទីតាំងងាយស្រួល ធ្វើដំណើរទៅកាន់ស្ថានីយ៍ខ្សែរថភ្លើង MRT និង LRT ព្រមទាំងមានការតភ្ជាប់ដោយផ្ទាល់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta តាមរយៈបណ្តាញរថភ្លើង Airport Rail Link ដែលអនុញ្ញាតឱ្យគេអាចធ្វើដំណើរជុំវិញ ទីក្រុងបានដោយរលូន។ អគារទាំងពីរនឹងរួមមានលំនៅដ្ឋាន កន្លែងលក់អាហារ និងភេសជ្ជៈ កន្លែងលក់រាយ និងការិយាល័យ។

គម្រោងខ្នាតយក្សមួយនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់ នៅឆ្នាំ២០២៨ខាងមុខ ក្រោមទុនវិនិយោគជាង៥០ពាន់លានយ៉េន (ប្រហែល៣៣២លានដុល្លារអាមេរិក)។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយយសារពត៌មានNikkei Asia ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyatt Hotels Corporation បានចុះកិច្ចព្រមព្រៀង គ្រប់គ្រងជាមួយក្រុមហ៊ុន PT Central Sudirman Development ដើម្បីដំណើរការសណ្ឋាគារម៉ាក Andaz នៅក្នុងអគារ Two Sudirman Jakarta។

ដោយសារមានទីតាំង ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មកណ្តាល(CBD) សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារម៉ាក Andaz ដំបូងគេក្នុងប្រទេសឥណ្ឌូនេស៊ី និងបំពេញបន្ថែមឱ្យរមណីយដ្ឋាន Andaz Bali ដែលបានបើកសម្ពោធកាលពីឆ្នាំ២០២១។

សណ្ឋាគារ Andaz Jakarta Sudirman នឹងមានទីតាំងពីជាន់ទី៤០ ដល់ជាន់ទី៧២ នៃអគារ Tower A។  ផ្នែកខាងក្នុងរបស់សណ្ឋាគារ រួមទាំងបន្ទប់សណ្ឋាគារចំនួន១៩៧ និងអាផាតមុិនចំនួន១៦៧យូនីត នឹងត្រូវបានរចនាឡើងដោយក្រុមហ៊ុន Design Studio Spin ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here