ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលទីតាំងឧស្សាហកម្ម នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបន្តកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំនេះ លើកលែងតែតម្លៃជួល នៅប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុក ដោយសារផលប៉ះពាល់សេដ្ឋកិច្ចលើតម្រូវការ។ នេះបើយោងតាមទីភ្នាក់ងារKnight Frank ។
ទីភ្នាក់ងារអចលនទ្រព្យបានអះអាងថា តម្លៃជួលនៅតំបន់អាស៊ាន បានកើនឡើងខ្ពស់ជាងគេបំផុត ដោយក្នុងនោះសិង្ហបុរីជាទីក្រុងឈានមុខគេ។
-->
តម្លៃជួលអចលនទ្រព្យបែបភស្តុភារ នៅក្នុងទីក្រុងសិង្ហបុរី បានកើនឡើង១០,៨ភាគរយ នៅក្នុងឆមាសទី១ធៀបនឹងឆ្នាំមុនដល់២,១៧ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ(ប្រហែល២៣,៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ) ដោយសារសកម្មភាពផលិតកម្មនៅតាមរោងចក្រដ៏រឹងមាំ។
តម្លៃជួលទីតាំងឡូជីស្ទីក បានកើនឡើងនៅក្នុងទីក្រុងចំនួន១៧ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជ្រើសរើសដោយទីភ្នាក់ងារKnight Frank លើកលែងតែតំបន់ចិនដីគោក ខណៈការធ្លាក់ចុះនៃការប្រើប្រាស់ និងការនាំចេញបាន កាត់បន្ថយតម្រូវការឃ្លាំង នៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចលេខ២របស់ពិភពលោក។
លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវរបស់ទីភ្នាក់ងារ Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា “ការថយចុះនៃការប្រើប្រាស់ និងការវិនិយោគបានបង្កផលប៉ះពាល់ ដល់តម្រូវការជួលឃ្លាំងផ្ទុកទំនិញ នៅទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង។
តម្លៃជួលទីតាំងអចលនទ្រព្យភស្តុភារ នៅទីក្រុងសៀងហៃបានធ្លាក់ចុះ១៥ភាគរយ ក្នុងរយៈពេល៦ខែដំបូង និងធ្លាក់ចុះ៨,៦ភាគរយ នៅទីក្រុងប៉េកាំង ខណៈអ្នកជួលបានសម្រេចចិត្តកាត់បន្ថយទំហំជួលឃ្លាំងរបស់ពួកគេ។
ដោយឡែក តម្លៃជួលទីតាំងឧស្សាហកម្ម នៅតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង នៅឆមាសទីមួយបានកើនឡើង៣,៣ភាគរយធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍បង្ហាញថា “អត្រាឃ្លាំងដែលទុកទំនេរចោល នៅក្នុងទីក្រុងធំទាំង២របស់ចិន បានកើនឡើងដល់ជាង២០ភាគរយ ដែលបង្ខំឱ្យម្ចាស់ឃ្លាំង កាត់បន្ថយតម្លៃជួល ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ”។
ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ឧស្សាហកម្មនៅប្រទេសចិន បានជះឥទ្ធិពលលើកំណើន នៃតម្លៃជួលនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដោយកើនឡើងជាមធ្យមត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ នៅក្នុងឆមាសទី១ បើធៀបនឹងកំណើនប្រមាណ៦,២ភាគរយកាលពីមួយឆ្នាំមុន។
ចំណែក តម្លៃជួលទីតាំងអចលនទ្រព្យ ភស្តុភារនៅតំបន់សេដ្ឋកិច្ចភាគខាងត្បូង របស់ប្រទេសវៀតណាម និងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន បានកើនឡើង៩,៩ភាគរយ និង៩,១ភាគរយរៀងគ្នា នៅក្នុងឆមាសទី១ ដែលជំរុញដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើននៃការលក់រាយតាមអុីនធឺណេត៕ប្រភព: Knight Frank៕

