អ្នកអភិវឌ្ឍន៍អចលនទ្រព្យហុងកុងគ្រោងបង្កើនការផ្គត់ផ្គង់ ផ្ទះល្វែងជិត២ម៉ឺនយូនីត ទៅក្នុងទីផ្សារនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានចាប់ផ្តើមបង្ហា​ញក្តីសង្ឃឹមឡើងវិញលើទីផ្សារ ស្របពេលធនាគារកណ្តាលធំៗនៅលើពិភពលោក ពិសេសធនាគារកណ្តាលអាមេរិក(Fed) គ្រោងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។

អ្នក​អភិវឌ្ឍន៍​នៅទីក្រុងហុងកុង ​មិន​បានបង្ហាញ​សញ្ញា​ ឬបំណងផ្អាក​ការ​ចាប់​ផ្តើម​ គម្រោង​លំនៅដ្ឋានថ្មី ក្នុង​រយៈពេលប៉ុន្មាន​ខែ​ខាង​មុខ​នោះទេ ទោះបី​ជា​បញ្ហាអត្រា​ការ​ប្រាក់​បានបន្ត​បង្អាក់​តម្រូវ​ការ​ទិញផ្ទះ​ថ្មី និង​ធ្វើឱ្យតម្លៃ​អចលនទ្រព្យធ្លាក់ចុះ​ក្រោម​យ៉ាងណាក្តី។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Midland Realty បានឱ្យដឹងថា ផ្ទះល្វែងជិត១ម៉ឺនយូនីត ក្នុងគម្រោងចំនួន២៤ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការមុនដំណាច់ឆ្នាំនេះ បើធៀបនឹងនឹងផ្ទះល្វែង ចំនួន៩.៩១១យូនីត នៅក្នុងគម្រោងចំនួន២៧ ដែលបានបើកដាក់លក់ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤។

បើយោងតាមការគណនាបង្ហាញថា ផ្ទះល្វែងថ្មី ដែលដាក់លក់នៅឆ្នាំនេះ នឹងមានចំនួនសរុបជិត២ម៉ឺនយូនីត  ខណៈដែលក្រុមអ្នកអភិវឌ្ឍន៍ ដាក់ក្តីសង្ឃឹមលើការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញការលក់ផ្ទះរបស់ពួកគេ។

ក្រុមហ៊ុន Midland បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍លក់ដាច់ផ្ទះល្វែងបាន ប្រហែល៤.៨០០យូនីត ឬស្មើនឹងចំនួនជាង៤៨ភាគរយនៃផ្ទះល្វែងសរុប ដែលបើកដាក់លក់នៅលើទីផ្សារហុងកុងក្នុងអំឡុង ខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤។

ការផ្គត់ផ្គង់រយៈពេលវែង នៃផ្ទះល្វែងថ្មីនៅក្នុងទីក្រុងហុងកុង ក៏នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានផងដែរ។ ក្នុងនោះ ផ្ទះឯកជនចំនួន១.៤១៦យូនីត ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅខែមិថុនា ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល៥ខែ និងកើនឡើងជិត១៧ដង បើធៀបនឹងការសាងសង់បញ្ចប់ផ្ទះបានចំនួន៨០យូនីតនៅក្នុងខែឧសភា។

យោងតាមសារពត៌មាន South China Morning Post បានរាយការណ៍ថា ក្នុង​ឆមាស​ទី​មួយ​ ឆ្នាំ២០២៤នេះ​ ផ្ទះចំនួន​៧.០៩៥​យូ​នី​ត ​ត្រូវ​បាន​បញ្ចប់​ការសាងសង់រួចរាល់។ ចំនួននេះមានការថយ​ចុះ​៦​ភាគរយ​ បើធៀប​នឹង​ឆ្នាំ​មុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here