ដោយៈ គង់ សូរិយា
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត កំពុងរងគ្រោះ ដោយសារក្រុមហ៊ុនដែលទទួលសិទ្ឋ ផ្គត់ផ្គង់ទឹកស្អាតផ្តាច់មុខនៅទីក្រុងនេះ បាននិងកំពុងបង្ហូរទឹកឆៅជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមិនបានឆ្លងកាត់ប្រព័ន្ឋប្រព្រឹត្តកម្មជាមុនឡើយ។
ជាលទ្ឋផលទឹកពោរពេញដោយស្លែ ដង្កូវ និងដង្កូវទឹក ចូលផ្ទះប្រជាពលរដ្ឋ ដែលបង្កនូវជំងឺ ការកើតរមាស់ និងមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។
ម្ចាស់អាជីវកម្មមួយរូបនៅទីក្រុងនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរងគ្រោះ និងមិនអាចរកដំណោះស្រាយណាបានឡើយ ក្រៅពីទិញទឹកលក់តាមរថយន្ត។ លោកបន្តថា ម្ចាស់អាជីវកម្មធំៗដូចជា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ជាដើម ពួកគេបានបុកអណ្តូង ដើម្បីយកទឹកមកប្រើប្រាស់។
លោកសំណូមពរឲ្យរដ្ឋាភិបាល ជួយគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតផង ដើម្បីពួកគេទទួលបានទឹកស្អាតប្រើប្រាស់ ដើម្បីមានសុខភាពល្អ និងបញ្ចៀសបាននូវជំងឺដង្កាត់ផ្សេងៗ។
ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីបានទៅទស្សនកិច្ចសិក្សា ពីសក្តានុពលក្រុងប៉ោយប៉ែត និងបានចុះទៅកាន់ទីតាំងផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុនអានកូបានមានប្រសាសន៍ឲ្យដឹងថា ពិតជាមានការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លងកាត់ប្រព័ន្ខចម្រោះ ព្រោះប្រព័ន្ឋចម្រោះរបស់ក្រុមហ៊ុនអានកូ មិនដំណើរការនោះទេ។
លោកបន្តថា កម្រិតទឹក សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ពិតជាមានបរិមាណតិច ដែលមិនអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ។
ប៉ុន្តែទោះជាយ៉ាងណា លោកបានសង្កេតឃើញក្រុមហ៊ុនកំពុងប្រើប្រាស់រថយន្តមួយចំនួន បានដឹកដីចេញពីរណ្តៅផ្ទុកទឹក ដោយមានត្រាក់ទ័រចូកដី ដើម្បីពង្រីកទំហំផ្ទៃអាងផ្ទុកទឹកឲ្យបានធំជាងមុន។
លោកយិន លាងគង់បានបន្តថា “ការផ្គត់ផ្គង់ទឹក ដោយមិនបានចម្រោះត្រឹមត្រូវ ជាបញ្ហាមួយដែលបង្ហាញពីការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន លើសុខភាពរបស់ប្រជាពលរដ្ឋ ជាអ្វីដែលអ្នកជំនួញមិនគួរធ្វើនោះឡើយ”។ លោកបន្ថែមថា “ការយកប្រាក់ពីប្រជាពលរដ្ឋ គួរផ្តល់នូវសេវាកម្មប្រកបដោយក្រមសីលធ៌មជំនួសវិញ ជាជាងការផ្តល់ទឹកកខ្វក់ ដែលបង្កផលប៉ះពាល់ស្បែក សុខភាពរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ”៕