ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល (JLL) បានព្យាករណ៍ ឃើញពីកំណើនតម្រូវការ អគារការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួរ និងតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលអនាគត ដោយជំរុញឱ្យម្ចាស់អគារអចលនទ្រព្យ ខិតខំពង្រឹងនិរន្តរភាពដើម្បីរក្សាអ្នកជួល។
លោក Andrew Macpherson ប្រធានទទួលបន្ទុកលើការអភិវឌ្ឍន៍ទ្រព្យសកម្មរបស់ក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអះអាងថា “គន្លឹះក្នុងការបង្កើនតម្លៃអចលនទ្រព្យ រួមមានការច្របាច់រួមបញ្ចូល បច្ចេកវិទ្យាអគារឆ្លាតវៃ និងការបំពាក់បរិក្ខារទំនើបៗ”។
-->
លោកបន្តថា “គន្លឹះវិធីសាស្ត្រខាងលើ មិនត្រឹមតែស្របតាមគោលដៅនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមការរំពឹងទុករបស់អ្នកជួលផងដែរ ដោយធានានូវឱកាសប្រាក់ចំណេញរយៈពេលវែងសម្រាប់ម្ចាស់អគារ”។
ក្នុងអំឡុងវេទិកាផ្តល់ការយល់ដឹង អំពីនិន្នាការទីផ្សារអគារការិយាល័យ នៅទីក្រុងគូឡាឡាំពួរ និងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Andrew Macpherson បានសង្កត់ធ្ងន់ថា ម្ចាស់អគារត្រូវតែធ្វើខិតខំ ឲ្យបានសកម្មភាពនាពេលនេះ ដើម្បីបង្កើនតម្លៃអចលនទ្រព្យឡើងវិញ និងបំពេញតម្រូវការរបស់អតិថិជន ដែលមានបំណងជួលការិយាល័យ ប្រកបដោយនិរន្តរភាព។
បច្ចុប្បន្ននេះ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិភាក្សាលើការបង្កើតច្បាប់ស្តីពី ការកែលម្អទីក្រុង(Urban Renewal Act) ដែលរំពឹងថា នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ។ ច្បាប់នេះមានគោលបំណង ជួយសម្រួលដល់ការជួសជុល និងការធ្វើឱ្យប្រសើរឡើងនូវអគារចាស់ៗ។
លោកស្រី Yulia Nikulicheva ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន JLL Malaysia បានលើកឡើងពីសារៈសំខាន់ នៃការពង្រឹងគុណភាពអចលនទ្រព្យ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍ នៃតម្រូវការទីផ្សារ នៅទីក្រុងគូឡាឡាំពួរ។
លោកស្រីបានកត់សម្គាល់ថា “ការធ្វើឱ្យប្រសើរឡើងនូវអគារការិយាល័យចាស់ៗ មិនថា តិចឬច្រើន អាចជំរុញឱ្យតម្លៃជួលការិយាល័យកើនឡើង និងធ្វើឱ្យអ្នកជួលមានការពេញចិត្តយ៉ាងខ្លាំង”។
យោងតាមទិន្នន័យវិភាគរបស់ក្រុមហ៊ុន JLL បង្ហាញថា ទីក្រុងគូឡាឡាំពួរ និងតំបន់ជុំវិញទីក្រុងមួយនេះ មានផ្ទៃក្រឡាទីតាំងការិយាល័យសរុប (Net lettable area) ចំនួន៩,៨៤លានហ្វីតការ៉េ។ ក្នុងនោះ អត្រាគ្របដណ្តប់ការជួល ស្ថិតក្នុងរង្វង់៨៥,៣% និងតម្លៃជួលប្រចាំខែជាមធ្យម មានតម្លៃ៧,៦៨រីងហ្គីតក្នុងមួយហ្វីតការ៉េ (ប្រហែល១៨,៦៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ)៕

ប្រភព: NST Online