ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ កំពុងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ខណៈតម្លៃផ្ទះវីឡាបានហក់ឡើងថ្លៃ។ នេះបើយោងតាមសារពត៌មាន Vnexpress។
ជាក់ស្តែង នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃផ្ទះវីឡាថ្មីនៅទីក្រុងហាណូយ បានកើនឡើង៩ភាគរយ ធៀបនឹងត្រីមាសទី១ ដល់១៧៨លានដុង (ប្រហែល៧.០០៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។
-->
ផ្ទុយទៅវិញ តម្លៃផ្ទះ Townhouse បានធ្លាក់ចុះ២ភាគរយ មកនៅត្រឹម១៨៨លានដុង (ប្រហែល៧.៤០៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ខណៈប្រភេទយូនីត ដែលមានតម្លៃខ្ពស់បានលក់ដាច់អស់ ដោយនៅសេសសល់តែយូនីត ដែលមានតម្លៃសមរម្យប៉ុណ្ណោះ។
ចំណែកឯ តម្លៃផ្ទះអាជីវកម្ម(Shophouse) បានកើនឡើង៣ភាគរយដល់២៨៨លានដុង (ប្រហែល១១.៣៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដោយសារតែមានការថយចុះ នៃការផ្គត់ផ្គង់ផ្ទះអាជីវកម្មដែលមានតំលៃថោក និងការប្រែប្រួលតម្លៃ។
ការលក់ផ្ទះសរុបនៅរដ្ឋធានីហាណូយ ក្នុងត្រីមាសទី២ បានធ្លាក់ចុះ៤០% បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែការលក់បានកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែក គម្រោងអចលនទ្រព្យ ដែលទើបបើកដំណើរការថ្មីនៅត្រីមាសទី២ ស្រូបទាញបានតម្រូវការទិញ(Absorption)ចំនួន៤៨%នៃចំនួនយូនីតសរុប ធ្លាក់ចុះ១៥%បើធៀបនឹងត្រីមាសទី១ និងធ្លាក់ចុះ៣ភាគរយធៀបនឹងឆ្នាំមុន។
ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ក្រោយពីរដ្ឋាភិបាលវៀតណាមបានអនុម័ត លើការធ្វើវិសោធនកម្មច្បាប់នៅដើមឆ្នាំនេះ ដែលនឹងចូលជាធរមាន ចាប់ពីខែសីហាខាងមុខ គួបផ្សំនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់លំនៅដ្ឋាន ចេញពីគម្រោងធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ប្រភព: Vnexpress