ដោយ: គង់ លាងហួរ
អន្តរជាតិ: ដើម្បីទូទាត់សងបំណុលគ្រួសារអ្នកមាននៅតំបន់រដ្ឋបាលពិសេសហុងកុង កំពុងដាក់លក់ផ្ទះវីឡា ភូមិគ្រឹះ និងអចលនទ្រព្យដទៃទៀតរបស់ពួកគេ ទោះបីជាត្រូវខាតបង់ប្រាក់រាប់លានដុល្លារខណៈទីផ្សារអចលនទ្រព្យក្នុងស្រុកជួបការលំបាក។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា នៅក្នុងឆមាសទី១ ចំនួន៧៥%នៃការលក់អចលនទ្រព្យសរុបដែលមានតម្លៃចាប់ពី១០លានដុល្លារអាមេរិក មានការជាប់ពាក់ព័ន្ធនឹងអ្នកលក់ ដែលជួបភាពតានតឹងផ្នែកហិរញ្ញវត្ថុ។
-->
លោក Reeves Yan អ្នកជំនាញនៅក្រុមហ៊ុន CBRE Hong Kong ត្រូវបានដោយដកស្រង់សម្តីដោយសារពត៌មាន Bloomberg ថា “យើងសង្កេតឃើញមានការផ្លាស់ប្តូរដ៏ធំនាពេលថ្មីៗនេះ ពីព្រោះរយៈពេល១៥ឆ្នាំកន្លងមក គ្រួសារអ្នកមាននៅហុងកុងកម្រប្រកាសដាក់លក់ផ្ទះណាស់”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ជាធម្មតា ភូមិគ្រឹះត្រូវបានដាក់លក់ដោយអ្នកអភិវឌ្ឍន៍ ក្នុងគោលដៅធ្វើអាជីវកម្មតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះម្ចាស់គ្រួសារតូច ឬមធ្យមបានដាក់លក់ភូមិគ្រឹះផ្ទាល់ខ្លួន ព្រោះពួកគេរងសម្ពាធហិរញ្ញវត្ថុ”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វិមានភូមិគ្រឹះចំនួន៣យូនីតស្ថិតនៅលើផ្លូវ Peak Road ត្រូវបានដាក់លក់នាពេលថ្មីៗនេះក្នុងតម្លៃ៨៦០លានដុល្លារហុងកុង (ប្រហែល១១០លានដុល្លារអាមេរិក) ។
វិមានភូមិគ្រឹះធំៗទាំងអស់នោះជាកម្មសិទ្ធិរបស់លោកមហាសេដ្ឋី Ho Shung Pun អគ្គនាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥៕

ប្រភព: Vnexpress