ក្រុមហ៊ុនវិនិយោគGIC មើលឃើញវិស័យលេចធ្លោចំនួន២នៅក្នុងទីផ្សារអចលនទ្រព្យចិន

0

ដោយ: គង់ លាងហួរ

ប៉េកាំង: វិបត្តិអចលនទ្រព្យ បានបន្តអូសទាញឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ថ្វីបើអាជ្ញាធរចិនកំពុងព្យាយាម ជួយស្ដារទំនុកចិត្តអ្នកទិញ និងលើកទឹកចិត្តរដ្ឋបាល ក្នុងតំបន់ឱ្យទិញផ្ទះដែលមានស្រាប់ ដើម្បីប្រែក្លាយទៅជាផ្ទះ ដែលមានតម្លៃសមរម្យយ៉ាងណាក្តី។

លោក Jeffrey Jaensubhakij ប្រធានទទួលបន្ទុកផ្នែកវិនិយោគនៅក្រុមហ៊ុនសិង្ហបុរីGIC បានលើកឡើងថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន  ដែលពឹងផ្អែកខ្លាំងទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ បានឈានដល់ទីបញ្ចប់ហើយ”។

យ៉ាងណាមិញ លោក Jaensubhakij បានគូសបញ្ជាក់ថា ក្រុមហ៊ុន GIC នៅតែមើលឃើញឱកាសនៅក្នុងទីផ្សា រអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងទីក្រុងចិនធំៗ ដែលមានលំហូរ ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្ដែង នៅក្នុងវិស័យលំនៅដ្ឋាន ក្រុមហ៊ុនGIC បានបណ្តាក់ទុន និងបន្តសង្កេតឃើញ តម្រូវការជួលអចលនទ្រព្យយ៉ាងច្រើន។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន GIC បានសហការលើគម្រោងបណ្តាក់ទុនរួមគ្នា ចំនួន១៨០លានដុល្លារជាមួយក្រុមហ៊ុន Vlinker របស់ប្រទេសចិន ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានជួលឈានមុខគេ។ ក្រុមហ៊ុន Vlinker បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា យើងគ្រោងអភិវឌ្ឍន៍ លំនៅដ្ឋានជួលដែលមានតម្លៃសមរម្យ នៅទីក្រុងសៀងហៃ។

កាលពីដើមខែកក្កដានេះ ក្រុមហ៊ុន GIC ក៏ត្រូវបានគេរាយការណ៍ថា បានទិញភាគហ៊ុនចំនួន៤៨ភាគរយ បន្ថែមទៀតរបស់ផ្សារទំនើបដ៏ធំបំផុត នៅទីក្រុងសៀងហៃពីក្រុមហ៊ុនអភិ​វឌ្ឍន៍អចលនទ្រព្យចិន China Vanke។

លោក Jaensubhakij បានអះអាងថា “អគារអចលនទ្រព្យលក់រាយមួយចំនួន ដែលស្ថិតនៅចំទីតាំង អំណោយផលនៅតែបន្តមានតម្លៃខ្ពស់ ហើយប្រសិនបើអ្នកអាចទិញ ក្នុងតម្លៃមួយដែលអ្នកគិតថា អ្នកអាចរកប្រាក់ចំណេញបានខ្ពស់ ត្រឡប់មកវិញ និងអាចគ្រប់គ្រងបានល្អ នោះខ្ញុំគិតថា យើងនៅតែអាចវិនិយោគបាន”៕

ប្រភព: Nikkei Asia

LEAVE A REPLY

Please enter your comment!
Please enter your name here