ទីផ្សារអចលនទ្រព្យមានកាសរីកចម្រើនសម្រាប់អនាគត

0

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ទីផ្សារអចលនទ្រព្យនៅក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងមានសភាពទ្រឹង ប៉ុន្តែមានឱកាសរីកចម្រើននាពេលខាងមុខ ខណៈទីក្រុងនេះ កំពុងទាក់ទាញការវិនិយោគកាន់តែច្រើន។

ទីក្រុងនេះមានប្រជាពលរដ្ឋរស់នៅ ប្រមាណ២០ម៉ឺននាក់ មានទាំងជនជាតិខ្មែរ ថៃ ឥណ្ឌូនេស៊ី ជប៉ុន និងជនប្រទេសជាច្រើនទៀត ដែលពួកគេបានកាន់កាប់ ចំណែកទីផ្សារប្រមាណ៥០ភាគរយ ធៀបជាមួយអ្នកវិនិយោគខ្មែរ។

អ្នកអភិវឌ្ឍន៍បុរី និងដីឡូត៍ក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ បាននិយា​យក្នុងលក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះថា ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននេះ អ្នកទិញរង់ចាំមើលអ្នកអភិវឌ្ឍន៍ ព្រោះពួកគេបារម្ភ ដោយសារស្ថានភាពទីផ្សារនៅរាជធានីភ្នំពេញជាប់គាំង។

អ្នកអភិវឌ្ឍន៍ដដែលបានបន្តថា “បច្ចុប្បន្នអ្នកទិញ រង់ចាំអ្នកអភិវឌ្ឍន៍ ខណៈអ្នកអភិវឌ្ឍន៍រង់ចាំមើលអ្នកទិញ”។

អ្នកអភិវឌ្ឍន៍ រង់ចាំអ្នកទិញកក់ប្រាក់ ទើបពួកគេសាងសង់ ស្របពេ​លទីផ្សារជួលស្ថិតក្នុងស្ថេរភាព ដោយផ្ទះល្វែងអាចជួលបានចន្លោះ៣៥០ ទៅ៥០០ដុល្លារ ចំណែកផ្ទះវីឡាតម្លៃកន្លះលានដុល្លារ អាចជួលបានចន្លោះពី២៥០០ ទៅ៣០០០ដុល្លារ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្នដី និងទីផ្សារផ្ទះនៅក្រុងប៉ោយប៉ែត នៅតែមានឱកាសរីកចម្រើន សម្រាប់អចលនទ្រព្យ ដែលមានការអភិវឌ្ឍចម្រុះ និងសម្បូរបែប ខណៈជនបរទេសប្រមាណ៥០ភាគរយ បានទិញផ្ទះ ដី តាមរយៈច្បាប់បរធនបាលកិច្ច។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានចុះសិក្សា ស្ថានភាពទីផ្សារ​នៅទីក្រុងនេះ ទីផ្សារអចលនទ្រព្យនៅទីក្រុងនេះ មានឱកាសរីកចម្រើន ដោយសារកត្តាមួយចំនួនដូចជា ទី១ ចំនួនប្រជាពលរដ្ឋកើនឡើង និងចំណូលរបស់ប្រជាពលរដ្ឋនៅទីក្រុងនេះ មានភាពល្អប្រសើរធៀបនឹងខេត្តដទៃ។

ទី២ ការកើនឡើងនូវការវិនិយោគ ពីអ្នកអភិវឌ្ឍន៍កាស៊ីណូក្នុងស្រុក និងអ្នកវិនិយោគថៃ ឥណ្ឌូនេស៊ីជាដើម ទី៣ គោលនយោបាយថៃបូក១ បានទាក់ទាញរោងចក្រ សហគ្រាសនានា មកកាន់ទីក្រុងនេះ ដោយសារកម្លាំងពលកម្មច្រើន និងមានតម្លៃថោក ទី៤ ក្រុងប៉ោយប៉ែត ទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន២ទៀត ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សា​ហកម្មឆ្នាំ២០២៥ ២០២៥។

លោកយិន លាងគង់បានបន្តថា ស្ថានភាពនៅទីក្រុងនេះ មានសភាពរសរវើកទាំងយប់ទាំងថ្ងៃ ដោយផ្សារលក់រាយ ផ្សាររាត្រីនៅទីក្រុងនេះ ពិសេសតំបន់ផ្លូវ “ក៥” មានសភាពរសរវើក ហើយអាជីវករនានា បានលក់រហូតដល់ម៉ោង៣ទៀបភ្លឺ ខណៈកាស៊ីណូនានាបានបើកដំណើរការទល់ភ្លឺ។

ទីក្រុងប៉ោយប៉ែតមានកាស៊ីណូ ទាំងតូច ទាំងធំសរុបចំនួន២០ ខណៈគំរោងកាស៊ីណូមួយចំនួនទៀត កំពុងសាងសង់ ស្របពេលអាគារកំពស់៣២ជាន់ បានលេចរូបរាងឡើង ខណៈអាគារកាស៊ីណូថ្មីមួយ កំពស់ជាង៤០ជាន់ ត្រៀមសាងសង់នាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here