ដោយ: គង់ លាងហួរ
បាងកក: ចំនួននៃការលក់ខុនដូនៅប្រទេសថៃទៅកាន់ជនបរទេសបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ។
យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញថា ការផ្ទេរខុនដូទៅកាន់ជនបរទេសបានធ្លាក់ចុះមកនៅត្រឹមទំហំទឹកប្រាក់សរុប១៤ពាន់លានបាត។ ទោះបីជាយ៉ាងនេះក្តី ជនជាតិចិននៅតែជាម្ចាស់អចលនទ្រព្យបរទេសធំជាងគេនៅក្នុងទីផ្សារខុនដូថៃ។
-->
លោក Wichai Wiratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានកត់សម្គាល់ថា ចំនួនខុនដូដែលផ្ទេរទៅឱ្យជនបរទេសបានថយចុះ៦,២% ខណៈទំហំទឹកប្រាក់បានធ្លាក់ចុះ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែក ស្ថានភាពជារួមសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បង្ហាញថា ខុនដូសរុបចំនួន៧.២៨០យូនីតត្រូវបានផ្ទេរទៅឱ្យម្ចាស់ជាជនជាតិបរទេស ក្នុងទំហំទឹកប្រាក់សរុបចំនួន៣២,៨៨ពាន់លានបាត ខណៈតួលេខនៅត្រីមាសទី២ជាសញ្ញាគួរឱ្យព្រួយបារម្ភ។
នៅឆមាសទី១ ជនជាតិចិនបានទិញខុនដូនៅប្រទេសថៃច្រើនជាងគេចំនួន២.៨៧២យូនីត ក្នុងទំហំទឹកប្រាក់១៣,៣០ពាន់លានបាត។ ជនជាតិមីយ៉ាន់ម៉ាឈរនៅលេខរៀងទី២ ជាមួយនឹងការទិញខុនដូចំនួន៦៣៨យូនីត ក្នុងទំហំទឹកប្រាក់៣,២៤ពាន់លានបាត។
ពលរដ្ឋរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ បានទិញខុនដូចំនួន៥៦៧យូនីតក្នុងតម្លៃ១,៨៧ពាន់លានបាត។ ពលរដ្ឋតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានឈរនៅចំណាត់ថ្នាក់លេខ៤ និងលេខ៥ ដោយបានទិញខុនដូចំនួន៣២៦យូនីត និង២៩២យូនីតរៀងគ្នា។
លើសពីនេះ អ្វីគួរឱ្យចាប់អារម្មណ៍ស្ថិតត្រង់ថា ជនជាតិចិនទិញខុនដូបានច្រើនជាងគេ។ ប៉ុន្តែ ជនជាតិឥណ្ឌាវិញកំពុងទិញខុនដូ ដែលមានតម្លៃខ្ពស់បំផុត ជាមធ្យម៦លានបាត។ ជនជាតិឥណ្ឌាក៏កំពុងទិញខុនដូធំជាងគេ ដែលមានទំហំជាមធ្យម៧១,៣ម៉ែត្រការ៉េក្នុងមួយយូនីត៕

ប្រភព: The Nation