ក្រុមអ្នកជំនាញព្រមានពីហានិភ័យនៃការវិនិយោគលើអចលនទ្រព្យនៅក្បែរគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកជំនាញព្រមានថា អ្នកវិនិយោគមិនគួរទិញអចលនទ្រព្យនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ ដោយលើកឡើងពីហានិភ័យនៃការលុបចោល ឬការផ្លាស់ប្តូរទីតាំងដែលអាចប៉ះពាល់ដល់តម្លៃអចលនទ្រព្យ។

ផ្ទុយទៅវិញ ការប្រកាសអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនាពេលអនាគតអាចជាឱកាសរបស់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យ ដោយសារគម្រោងប្រភេទនេះមាននិន្នាការជំរុញបង្កើនតម្លៃអចលនទ្រព្យ និងអត្រាជួលនៅជុំវិញទីតាំងស្ថាបនាគម្រោង។

ក្រុមអ្នកជំនាញបានលើកជាឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសម៉ាឡេសុី គម្រោងរថភ្លើងល្បឿនលឿន East Coast Rail Link (ECRL) ត្រូវ​បាន​​កែសម្រួលឡើង​វិញ​ចំនួន២ដង​ ​ទាក់ទង​នឹងការស្ថាបនាកំណាត់ផ្លូវ​ដែកផ្នែក C រវាងកំពង់ផែ Port Klang ក្នុងរដ្ឋ Selangor និងទីក្រុង Mentakab ក្នុងរដ្ឋPahang។

ការកែសម្រួលលើកដំបូងក្នុងឆ្នាំ២០១៩ បានសម្រេចប្តូរទិសឆ្លងកាត់តាមរដ្ឋ Negri Sembilan ដោយមានបំណងកាត់បន្ថយចម្ងាយសរុបពី៦៨៨គីឡូម៉ែត្រមកនៅត្រឹម៦៤០គីឡូម៉ែត្រ ខណៈការកែសម្រួលលើកទី២ចុងក្រោយ បានសម្រេចជ្រើសរើសយកប្រវែង៦៦៥គីឡូម៉ែត្រតាមផែនការដើម។

សម្រាប់គម្រោងនាពេលអនាគតដូចជា គម្រោងរថភ្លើង MRT3 Circle Line ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែការកែសម្រួលថ្លឹងថ្លែងនានាមិនទាន់ត្រូវបានគូសបញ្ជាក់ឱ្យដឹងនៅឡើយទេ ខណៈរដ្ឋាភិបាលម៉ាឡេសុីនឹងត្រូវសម្រេចចិត្តលើការបន្តគម្រោងតភ្ជាប់ផ្លូវរថភ្លើងរវាងទីក្រុងគូឡាឡាំពួរ និងទីក្រុងសិង្ហបុរីនៅឆ្នាំនេះ។

ក្រុមអ្នកប្រឹក្សាផ្នែកដឹកជញ្ជូនបានលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំៗបែបនេះនឹងត្រូវចំណាយពេលច្រើនឆ្នាំ មុនពេលចាប់ផ្តើមបើកការដ្ឋានសាងសង់ ដោយសារដំណើរការត្រូវពាក់ព័ន្ធនឹងកត្តាផ្សេងទៀតដូចជាស្ថិរភាពសេដ្ឋកិច្ច បរិយាកាសនយោបាយ និងបញ្ហាប្រឈមបច្ចេកទេស។

លោក Wan Agyl Wan Hassan ទីប្រឹក្សាផ្នែកដឹកជញ្ជូនរបស់រដ្ឋាភិបាលម៉ាឡេសុី អះអាងថា ភាពស្មុគស្មាញនៃការរៀបចំដំណើរការ រាប់ចាប់ពីការប្រកាសគម្រោងរហូតដល់ការចាប់ផ្តើមសាងសង់ត្រូវឆ្លងកាត់ដំណាក់កាលចំនួន៤ រួមមានការសិក្សាលទ្ធភាព និងការធ្វើផែនការ ដំណើរការអនុម័ត ការដេញថ្លៃកិច្ចសន្យា និងសកម្មភាពមុនការសាងសង់៕

ប្រភព: NST Online

LEAVE A REPLY

Please enter your comment!
Please enter your name here