ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរនិស្សិត និងអ្នកជំនាញការងារកំពុងជំរុញតម្រូវការលំនៅដ្ឋាន នៅក្នុងតំបន់ដែនដីថ្មី (New Territories)នៃទីក្រុងហុងកុង និងតម្លៃជួលដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំ ទោះបីជាទីផ្សារអចលនទ្រព្យ ក្នុងតំបន់ផ្សេងទៀតកំពុងដាំក្បាលចុះយ៉ាងណាក្តី។
ផ្ទះល្វែងប្រភេទ Studio ទំហំ២៣៥ហ្វីតការ៉េ នៅឯគម្រោង Novo Land ក្នុងសង្កាត់ Tuen Mun នៃតំបន់ New Territories ត្រូវបានដាក់ជួល ក្នុងតម្លៃ១.៥៦៥ដុល្លារអាមេរិក ឬស្មើនឹង៦,៦៦ដុល្លារក្នុងមួយហ្វីតការ៉េ។
-->
ការជួលផ្ទះនៅតំបន់ New Territories មានតម្លៃប្រហាក់ប្រហែល នឹងគម្រោងមួយចំនួន នៅលើកោះហុងកុង។ តួយ៉ាង ផ្ទះល្វែងទំហំ២៣៦ហ្វីតការ៉េ នៅគម្រោង The Holborn ក្នុងសង្កាត់ Sai Wan Ho កំពុងដាក់ជួលក្នុងតម្លៃ១៧៩៧ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមទិន្នន័យ នៅលើគេហទំព័រ Midland Realty ។
ផ្អែកលើខ្នាតក្នុងមួយហ្វីតការ៉េ ផលចំណេញត្រឡប់ពីការជួលនៅតំបន់ New Territories មានកម្រិតខ្ពស់ជាងនៅគម្រោងលំនៅដ្ឋានប្រណីត Residence Bel-Air ស្ថិតនៅសង្កាត់ភាគខាងត្បូងនៃកោះហុងកុង។ នេះបើយោងតាមសារពត៌មាន South China Morning Post។
យោងតាមទីភ្នាក់ងារ Midland Realty បានឱ្យដឹងថា ផ្ទះជាប់មាត់សមុទ្រទំហំ១.៣៤០ហ្វីតការ៉េ នៅក្នុងគម្រោង Bel-Air ដំណាក់កាលទី៦ ត្រូវបានជួលក្នុងតម្លៃ៨.៣៤៥ដុល្លារអាមេរិក ក្នុងមួយខែ ឬស្មើនឹង៦,២៣ដុល្លារ ក្នុងមួយហ្វីតការ៉េ។
លោក Lau Ka-fai ប្រធានក្រុមអ្នកវិភាគនៅទីភ្នាក់ងារ Midland Realty បានលើកឡើងថា “ទីផ្សារជួលនៅក្នុងតំបន់ដែនដីថ្មីនេះ មានភាពសកម្ម។ ផ្ទះខ្នាតតូច និងផ្ទះខ្នាតមធ្យមដែលមានតម្លៃជួល ប្រហែល២.៥៦៧ដុល្លារអាមេរិក ក្នុងមួយខែមានការពេញនិយមខ្លាំង ហើយតំបន់ New Territories ផ្តល់ជម្រើសច្រើនជាងកោះហុងកុង”។
តំបន់ដែនដីថ្មី ឬ New Territories ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំង៣ នៃទីក្រុងហុងកុង មានទីតាំងស្ថិតនៅតាមបណ្តោយកោះហុងកុង និងឧបទ្វីបKowloon។
អាជ្ញាធររូបិយវត្ថុ នៃតំបន់រដ្ឋបាលពិសេស ក្រុងហុងកុងបានសម្រេចចិត្ដ រក្សាទុកអត្រាការប្រាក់ឱ្យនៅថេរចំនួន៧លើកជាប់ៗគ្នា គិតត្រឹមដើមខែសីហា ស្របតាមការសម្រេចចិត្តរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។
ធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញាអំពីផែនការកាត់បន្ថយអត្រានៅដើមខែកញ្ញា ឆ្នាំនេះ ខណៈក្រុមវិនិយោគិន បានព្យាករណ៍ចំនួន៣លើកនៅឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ CME Group៕

ប្រភព: SCMP