មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជូបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រ​ធា​​នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន (Xiamen City) នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនារសៀលថ្ងៃទី២០ សីហាកន្លងមកនេះ លោ​កឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយ ក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមកម្ពុជា នាពេលកន្លងមក។

លោកបន្តថា ក្នុងរយៈពេល៦៦ឆ្នាំមកនេះ មិត្តភាពជាប្រ​ពៃ​ណីរវាងប្រ​ទេ​សកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗ និងបន្តរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ ដោយប្រ​មុ​​​ខដឹកនាំបច្ចុប្បន្ន បានជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិ​បត្តិការ យ៉ាងជិតស្និទ្ធស្ទើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការ បានយកឱកាសនេះជម្រាបជូនអំពី បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ របស់ទីក្រុងស៊ែមិនដែលជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើត តំបន់សេដ្ឋកិច្ចពិសេ​សមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស៤ដំបូង របស់ប្រទេ​សចិន។

លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការចុះហត្ថលេខាស្តីពី ការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ កម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់ ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ វិស័យកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា អាស្រ័យដោយ ខេត្តនិងក្រុងទាំងពីរ មានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត។

លោកស៊ុន ចាន់ថុល ក៏បានលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើត តំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋាន យកទៅពិនិត្យលទ្ធភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here