កម្ពុជាឈរនៅរៀងទី៦ក្នុងតំបន់អាស៊ានដែលទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ

0

កម្ពុជាឈរនៅរៀងទី៦ក្នុងតំបន់អាស៊ានដែលទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២៤នេះ តំបន់អាស៊ានទាំងមូល ទទួលបានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ។

ប្រទេសថៃបានឈរនៅលេខរៀងទី១ ដោយទទួលបានភ្ញៀវទេសចរណ៍បរទេស ចំនួន១៧,៥លាននាក់ នៅក្នុងឆមាសទីមួយឆ្នាំនេះ។ ការណ៍បានធ្វើឱ្យថៃ ក្លាយជាប្រទេសដែលមានអ្នកទ​ស្សនាច្រើនបំផុត នៅតំបន់អាស៊ាន ដោយសារគោលនយោបាយអំណោយផល។

យោងតាមទិន្នន័យ ពីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានការមកដល់ របស់អ្នកដំណើរអន្តរជាតិចំនួន១១,៨លាននាក់ កើនឡើងជិត៣០% បើធៀបនឹងឆមាសទី១ដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានភ្ញៀវទេសចរណ៍បរទេស ចូលមកទស្សនាចំនួន៨,៨លាននាក់ កើនឡើង៥៨% តាមពីក្រោយដោយចំនួនអ្នកដំណើ​របរទេសទៅកាន់ប្រទេសសិង្ហបុរី ចំនួន៨,២៤លាននាក់ កើនឡើង៣១%។

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុ​ត ក្នុងតំបន់អាស៊ានឈរនៅលេខរៀងទី៥ ដោយមានអ្នកទេសចរណ៍បរទេស ប្រមាណ៦,៤លាននាក់ កើនឡើង២១% ខណៈកម្ពុជា បានឈរនៅចំណាត់ថ្នាក់ទី៦ ដោយទទួលបានភ្ញៀវបរទេសចំនួន៣,១៦លាននាក់។

រីឯ ប្រទេសហ្វីលីពីន បានជាប់ចំណាត់ថ្នាក់លេខ៧ ដោយទទួលបានអ្នកដំណើរបរទេស មានចំនួន២,៩លាននាក់ តាមពីក្រោយដោយប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការប្រមូលចងក្រងឡើង ដោយសារពត៌មាន Vnexpress។

ទន្ទឹមនឹងលទ្ធផលនេះ ក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសថៃ បានដណ្ដើមតំណែងមកវិញ ក្នុងនាមជាជើងឯកទេសចរណ៍ក្នុងតំបន់ បន្ទាប់ពីបាត់បង់តំណែងនេះ ទៅឱ្យម៉ាឡេស៊ីកាលពីឆ្នាំមុន បន្ទាប់ពីថៃបានប្រកាស លើកលែងទិដ្ឋា​កា​រ​ជាអចិន្ត្រៃយ៍ សម្រាប់ភ្ញៀវទេសចរណ៍ចិន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here