លោកមហាសេដ្ឋី Elon Musk លក់ដាច់ផ្ទះនៅសេសសល់ចុងក្រោយក្នុងតម្លៃ៣២លានដុល្លារអាមេរិក

0

លោកមហាសេដ្ឋី Elon Musk លក់ដាច់ផ្ទះនៅសេសសល់ចុងក្រោយក្នុងតម្លៃ៣២លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Elon Musk ជាកំពូលមហាសេដ្ឋីលើពិភពលោកនាពេលបច្ចុប្បន្ន ដោយលោកកំពុងដឹកនាំក្រុមហ៊ុនធំៗ រួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនធំៗជាច្រើនទៀត។

-->

ថ្មីៗនេះ លោក Elon Musk ត្រូវបានគេរាយការណ៍ថា លោកបានលក់ដាច់ផ្ទះ តម្លៃជិត៣២លានដុល្លារ កាលពីចុងសប្តាហ៍មុន។ ទោះ​ជា​យ៉ាង​ណាក្តី អត្តសញ្ញាណ​អ្នក​ទិញ​នៅ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

នៅឆ្នាំ២០២១ លោក Elon Musk បានចុះបញ្ជីផ្ទះទំហំ១៦.០០០ហ្វីតការ៉េ លាតសន្ធឹងនៅលើដីដ៏ធំបំផុតមួយ នៅតំបន់មួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានប្រកាសនៅលើបណ្តាញសង្គម X ថា លោកគ្រោងនឹងលក់ផ្ទះ នៅសេសសល់ចុងក្រោយរបស់លោក។

មុនពេលលក់ផ្ទះនេះដាច់ លោកមហាសេដ្ឋី Elon Musk ធ្លាប់បានបង្ហើបថា លោកចង់លក់កន្លែងពិសេសមួយនេះ ទៅឱ្យគ្រួសារធំមួយ។

យោងតាមក្រុមហ៊ុន Mansion Global បានឱ្យដឹងថា ផ្ទះនោះត្រូវបានប្រកាសលក់ដំបូង ក្នុងតម្លៃ៣៧,៥លានដុល្លារ ប៉ុន្តែនៅក្នុងខែតុលា ឆ្នាំមុន តម្លៃហាងឆេងបានធ្លាក់ចុះ៥,៥លានដុល្លារ មកនៅត្រឹម៣១,៩៩លានដុល្លារ។

ផ្ទះនេះជាផ្ទះចុងក្រោយរបស់លោក Musk មានទីតាំងស្ថិតនៅក្នុងតំបន់ San Francisco Bay Area នៅរដ្ឋកាលីហ្វ័រញ៉ា ហើយក៏ធ្លាប់ត្រូវបានដាក់ជួល សម្រាប់ការរៀបចំព្រឹត្តិការណ៍ផ្សេងៗផងដែរ។

លោក Walter Isaacson អ្នកនិពន្ធជីវប្រវត្តិរបស់លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គមថា “លោកធ្លាប់ជួបលោក Musk នៅក្នុងផ្ទះនេះ ហើយផ្ទះមានសោភ័ណភាពស្អាត មានបន្ទប់គេងចំនួន២ និងគ្មានការរញ៉េរញ៉ៃទេ ដោយមានអាវមួយព្យួរនៅលើកៅអី”។

លោក Walter Isaacson បានបង្ហោះរូបភាពបរិយាកាសរស់នៅក្នុងផ្ទះនោះ ដោយរួមមានតុឈើ និងផ្ទះបាយ។ លោក Musk ធ្លាប់បានដើរលេងកំសាន្តនៅទីនោះ អង្គុយនៅលើកៅអីឈើ និងលើកទូរស័ព្ទ។

លើសពីនេះទៀត គេសង្កេតឃើញមានរូបចម្លាក់រ៉ុក្កែតមួ​យនៅលើតុ និងដាវជប៉ុន(white Katana)៕ប្រភព: DNA India៕