ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗរបស់តំបន់អាស៊ីបង្ហាញសញ្ញាប្រែប្រួលយ៉ាងឆាប់រហ័ស

0

ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗរបស់តំបន់អាស៊ីបង្ហាញសញ្ញាប្រែប្រួលយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថានភាពទីផ្សារលំនៅដ្ឋាននៅតាមបណ្តាទីក្រុងធំៗរបស់តំបន់អាស៊ី ដូចជា ទីក្រុងហុងកុង ទីក្រុងសិង្ហបុរី និងទីក្រុងបាងកក បានប្រែប្រួលយ៉ាងលឿនរហ័ស ក្នុងរយៈពេល២ឆ្នាំកន្លងមក។

-->

កាលពីត្រីមាសទី១ ឆ្នាំ២០២២ តម្លៃជួលលំនៅដ្ឋានជាមធ្យមបានធ្លាក់ចុះ នៅក្នុងទីក្រុងបាងកក និងទីក្រុងហុងកុង។  ផ្ទុយទៅវិញ តម្លៃជួលនៅតាមទីក្រុងជាច្រើន របស់ប្រទេសអូស្ត្រាលី រួមទាំងទីក្រុងស៊ីដនី ក៏ដូចជានៅប្រទេសសិង្ហបុរី បានកើនឡើង។

ប៉ុន្តែស្ថានភាពនៅឆ្នាំ២០២៤នេះ បានវិវត្តន៍ខុសគ្នាយ៉ាងខ្លាំង។ តម្លៃជួលផ្ទះនៅទីក្រុងបាងកក និងហុងកុងកំពុងកើនឡើង ខណៈតម្លៃជួលនៅសិង្ហបុរីកំពុងធ្លាក់ចុះ។ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលី ក៏កំពុងជួបប្រទះ នឹងកំណើនតម្លៃជួលទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ខណៈគេសង្កេតឃើញមានការធ្លាក់ចុះនៃតម្លៃផ្ទះ នៅទីក្រុងស៊ីដនីក្នុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills ដែលតាមដានទីផ្សារលំនៅដ្ឋាន នៅតាមទីក្រុងចំនួន៣០ជុំវិញពិភពលោក បង្ហាញថា ទីក្រុងបាងកកជាទីផ្សារជួលមានដំណើរការល្អបំផុតទី២ បន្ទាប់ពីទីក្រុងឌូបៃក្នុងឆមា​ស​ទី១ ឆ្នាំនេះ។

នៅទីក្រុងបាងកក ទីផ្សារជួលទទួលបានអត្ថប្រយោជន៍ពីកត្តាសេដ្ឋកិច្ចក្នុងស្រុក មិនអំណោយផល និងការព្រួយបារម្ភអំពីបន្ទុកបំណុលគ្រួសារ ខណៈធនាគារកណ្តាលថៃស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ ហើយអស្ថិរភាពនយោបាយបានបង្កជាក្តីបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុ។

ការដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ តម្លៃក្រោម៨៧.០០០ដុល្លារអាមេរិក នៅក្នុងទីក្រុងបាងកក ត្រូវបានបដិសេធយ៉ាងច្រើនករណី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ការណ៍នេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ ផ្តោតលើអចលនទ្រព្យប្រណីត និងបង្ខំឱ្យអ្នកទិញជាច្រើន ងាកទៅរកផ្ទះជួលវិញ។

ផ្ទុយទៅវិញ តម្លៃជួលលំនៅដ្ឋានជាមធ្យម នៅតាមទីក្រុងធំៗ ក្នុងប្រទេសអូស្ត្រាលី បានកើនឡើងត្រឹមតែ០,១ភាគរយកាលពីខែកក្កដា។ នេះជាការកើនឡើងទាបបំផុត ក្នុងអត្រាប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន CoreLogic ។

ទន្ទឹមនឹងនេះ ទីផ្សារជួលរបស់ទីក្រុងហុងកុង កំពុងទទួលបានអត្ថប្រយោជន៍ ​ពីការហូរចូលនៃអ្នកជំនាញ និងនិស្សិត ភា​គច្រើន មកពីតំបន់ចិនដីគោក។ ការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការការងារ និងតម្រូវការស្នាក់នៅរបស់និស្សិត បានជំរុញឱ្យការជួល មានការកើនឡើងចាប់តាំងពីដើមឆ្នាំមុន។

ទោះជាយ៉ាងនេះក្តី ទីផ្សារនៅទីក្រុងសិង្ហបុរី បានប្រែប្រួលខ្លាំងជាងគេបំផុត។  តម្លៃជួលលំនៅដ្ឋានឯកជន បានធ្លាក់ចុះចំនួន៣ត្រីមាសជាប់គ្នា បន្ទាប់ពីបានកើនឡើង១០,២ភាគរយកាលពីឆមាសទីមួយឆ្នាំមុន ។

ផលប៉ះពាល់លើទីក្រុងសិង្ហបុរី បណ្តាលមកពីការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះឯកជន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ និងការចាកចេញរបស់ជនបរទេសមួយចំនួន ដោយសារតែការកាត់បន្ថយកម្លាំងពលកម្ម របស់បុគ្គលិកនៅក្នុងវិស័យសំខាន់ៗ៕ប្រភព:SCMP៕