ក្រុមហ៊ុនធំមួយគ្រោងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីឈរជើងនៅប្រទេសនេះអស់ពេល៣០ឆ្នាំ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងសហការី ស្របពេលដែលក្រុមហ៊ុន គ្រោងនឹងរៀបចំពិធីប្រារព្ធខួប៣០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះ។
-->
ក្នុងជំនួបពិភាក្សានេះ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។
លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការរង អំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី ដែលជានិច្ចកាល តែងតែផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន។
ការណ៍នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ិននីគែន អាចធ្វើប្រតិបត្តិការអាជីវកម្ម និងឈរជើងនៅកម្ពុជា អស់រយៈកាល ៣០ឆ្នាំកន្លងមកនេះ។ ក្នុងនាមក្រុមហ៊ុន លោក Andrew Peter Hewson ក៏បានប្ដេជ្ញាចិត្តបន្តពង្រីក ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជួយផ្សព្វផ្សាយនិងទាក់ទាញ វិនិយោគិនបរទេសមកបន្ថែមទៀត ព្រមទាំងចូលរួមចំណែកជំរុញ ឧស្សាហកម្មស្រាបៀរកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មមួយ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណសារជាថ្មីដល់ក្រុមហ៊ុន ចំពោះការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់លោកអគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងបានជូនពរក្រុមហ៊ុនទទួលបានជោគជ័យ ក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួនបន្តទៀត ដើម្បីបង្កើតឱកាសការងារបន្ថែម ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់ការគំាទ្រ និងកិច្ចសម្រួលដល់ការវិនិយោគ៕
