រាជធានីភ្នំពេញស្ថិតក្នុងគោលដៅ អាទិភាពទាំង២៥របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានធ្វើបច្ចុប្បន្នភាពលើអាទិភាពនៃការបើកផ្លូវហោះហើររបស់ខ្លួនទៅកាន់គោលដៅអន្តរជាតិ ដោយបានគូសបញ្ជាក់ពីទីក្រុងចំនួន២៥នៅទូទាំងពិភពលោក។
ក្នុងនោះ គោលដៅអាទិភាពចំនួន២ មានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងបើកការហោះហើរមកកាន់កាន់រាជធានីភ្នំពេញរបស់កម្ពុជានាពេលអនាគត និងទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី។
លោក Ahmet Bolat ប្រធានក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបញ្ជាក់ប្រាប់សារពត៌មាន Aviation Week ថា “យើងនឹងរីកចម្រើននៅអូស្ត្រាលី»។ ក្នុងរយៈពេល២ឆ្នាំទៀត យើងនឹងបើកជើងហោះហើរប្រចាំថ្ងៃទៅកាន់ទាំងទីក្រុងម៊ែលបន (Melbourne) និងទីក្រុងសុីដនី (Sydney)”។
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងបើកជើងហោះហើរទៅកាន់គោលដៅចំនួន៤នៅក្នុងតំបន់អាមេរិក ដូចជាទីក្រុងលីម៉ានៃប្រទេសប៉េរូ ទីក្រុង Orlando នៃសហរដ្ឋអាមេរិក ទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល និងទីក្រុង Santiagoនៃប្រទេសChile។
ចំពោះតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក្រុមហ៊ុនគ្រោងបើកជើងហោះហើរទៅកាន់ទីក្រុង Abha នៃប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងAswan របស់អេហ្ស៊ីប ទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ ទីក្រុង Hargeisa នៃប្រទេសសូម៉ាលី និងទីក្រុងជាច្រើនទៀត។
បញ្ជីនៃគោលដៅអនាគតចំនួន៧ផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ មានទីតាំងនៅក្នុងទ្វីបអឺរ៉ុប ដូចជាទីក្រុង Bergen នៃប្រទេសន័រវេស ទីក្រុង Glasgowនៃប្រទេសស្កុតឡេន ទីក្រុង Iasi និងទីក្រុង Timisoara នៃប្រទេសRomania ទីក្រុង Katowiceរបស់ប៉ូឡូញ ទីក្រុង Nantes របស់ប្រទេសបារាំង និងទីក្រុង Newcastle នៃប្រទេសអង់គ្លេស។
នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានដឹកអ្នកដំណើរចំនួន២២,១លាននាក់ កើនឡើង៣៨ភាគរយបើធៀបនឹងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ទោះបីជាមានការពន្យារពេលប្រគល់យន្តហោះយ៉ាងណាក្តី៕ប្រភព:Aviation Week៕