ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអញ្ជើញប្រជាពលរដ្ឋ ដែលចង់ទៅសិក្សាស្វែងយល់នៅខេត្តទាំង៤ អាចធ្វើដំណើរតាមរយៈរថយន្ត ដែលរដ្ឋាភិបាលរៀបចំជូនរៀងរាល់ ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងសារពិសេសចេញផ្សាយ កាលពីល្ងាចថ្ងៃទី២២ សីហានេះ សម្តេចធិបតីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាត្តឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត នៅខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន្ត តាមរយៈរថយន្តដែលរដ្ឋាភិបាល នឹងរៀបចំជូន ព្រមទាំងមានការផ្តល់បាយទឹកផងដែរ។
-->
សម្តេចបញ្ជាក់ថា “ការរៀបចំនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជន បានទៅឃើញទិដ្ឋភាពជាក់ស្តែង នៅតាមខេត្តទាំង៤ ស្របតាមព្រំដែន និងការអភិវឌ្ឍនៅតាមព្រំដែនរបស់យើង”។ សម្តេចបន្តថា “កន្លងមកខ្ញុំធ្លាប់អំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទៅលេងឲ្យបានច្រើន ពេលខ្លះបងប្អូនថាចង់ទៅដែរ តែថាអត់លុយ ឥលួវរាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីនេះ ដោយផ្តល់នូវមធ្យោបាយដឹកជញ្ជូន អាហារ ដោយមិនគិតថ្លៃ”។
សម្តេចធិបតីបានបញ្ជាក់ថា ឯកឧត្តមនេត្រ ភ័ក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលភារកិច្ចនូវការងារនេះ និងរៀបចំដាក់ចេញនូវផែនការលំអិត ពីការចុះឈ្មោះ និងពេលវេលាដែលត្រូវអនុវត្តន៍។ ជាពិសេសយុវជននៅភ្នំពេញ ដែលចង់ទៅលេង ទៅឲ្យស្គាល់ថា តើនៅព្រំដែនយ៉ាងណា? ថាផ្លូវយើងបានធ្វើប៉ុណ្ណា? ថាតើប្រជាពលរដ្ឋដែលរស់នៅទីនោះ មានជីវភាពរស់នៅយ៉ាងម៉េច? តើអាចទេប្រជាពលរដ្ឋទាំងនោះ នៅថ្ងៃមុខ មិនមែនជាប្រជាពលរដ្ឋខ្មែរ?។ តើអាចទេ យើងអាចបាត់បង់ខេត្តទាំង៤? ហើយបាត់បង់អធិបតេយ្យភាពនៅខេត្តទាំង៤?។
សម្តេចបានបញ្ជាក់ទៀតថា “នេះជាកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ មិនថាប្រជាពលរដ្ឋគាំទ្រ និងមិនគាំទ្រនូវគំរោងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍(DTA)នោះទេ”។សម្តេចបន្តថា “នេះជាសិទ្ឋនិងជាកាតព្វកិច្ច ហើយខ្ញុំដាក់ចេញនូវកម្មវិធីទាំងប៉ុន្មាននេះ ហើយខ្ញុំស្តាប់ប្រជាពលរដ្ឋ អំពីការព្រួយបារម្ភរបស់គាត់ ហើយប្រជាពលរដ្ឋភាគច្រើនលើសលុប គាត់មិនខ្វល់DTA ឬមិនDTAទេ គឺគាត់គិតយ៉ាងណា កុំឲ្យបាត់ខេត្តទាំងបួន បាត់អធិបតេយ្យខេត្តទាំងបួន គឺផ្តោតលើខេត្តនៅទូទាំងប្រទេស គឺធ្វើយ៉ាងណាធានាបាននូវការអភិវឌ្ឍ ធានានូវសុខសន្តិភាពជូនគាត់”៕
