ការសិក្សាថ្មីៈ តើគម្រោងព្រែកជីកហ្វូណន-តេជោនឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា?
ដោយ: គង់ លាងហួរ
ភ្នំពេញ: ស្រដៀងគ្នាទៅនឹងការអភិវឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ការអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យ នៅក្នុងតំបន់ជុំវិញព្រែកជីក ទទួលបានការចាប់អារម្មណ៍ កាន់តែច្រើនពីអ្នកវិនិយោគ។
ការអភិវឌ្ឍន៍ព្រែកជីក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នឹងទាក់ទាញទាំងការវិនិយោគ និងការទិញអចលនទ្រព្យស្តុកទុក។ ទីផ្សារនៅតំបន់នោះ នឹងជួបប្រទះការកើនឡើង នៃការចុះបញ្ជីអចលនទ្រព្យ ការសាកសួរ និងប្រតិបត្តិការ។
តម្លៃដី ដែលភាគច្រើនជាដីកសិកម្ម ត្រូវបានគេរំពឹងថា នឹងកើនឡើងចាប់ពីពេលនេះ រហូតដល់ការបញ្ចប់ការសាងសង់ព្រែកជីក។
ទោះជាយ៉ាងណា ក្រុមហ៊ុនCBRE បញ្ជាក់ថា ពុំមែនគ្រប់តំបន់ជុំវិញព្រែកជីក នឹងក្លាយជាជម្រើស នៃការវិនិយោគដ៏ល្អនោះទេ។ ដូច្នេះ ការវាយតម្លៃត្រឹមត្រូវ និងការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញជារឿងចាំបាច់ មុនពេលធ្វើការសម្រេចចិត្តណាមួយ។
ព្រែកជីកហ្វូណនតេជោ ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍ទីក្រុង និងខេត្ត។ ព្រែកជីកនេះមានសក្តានុពល ក្នុងការបង្វែរទិសដៅ នៃការអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជធានីភ្នំពេញ ពីទិសខាងលិចទៅកាន់ទិសភាគខាងត្បូង និងទិសអាគ្នេយ៍។
លើសពីនេះ គម្រោងខាងលើ នឹងបង្កើតច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងថ្មីមួយទៀតនៅកម្ពុជា ដោយប្រែក្លាយបណ្តាខេត្តនៅតាមបណ្តោយ គម្រោងព្រែកជីក ទៅជាតំបន់សេដ្ឋកិច្ចចម្រុះ។
ក្នុងរយៈពេលខ្លី និងមធ្យម ព្រែកជីកនឹងជំរុញតម្រូវការដីធ្លីនៅក្នុងវិស័យឧស្សាហកម្ម និងភស្តុភារ។ អ្នកវិនិយោគនឹងចាប់អារម្មណ៍ទិញដី ដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន កំពង់ផែស្ងួត ឃ្លាំងស្តុកទំនិញ និងសួនឧស្សាហកម្មជាដើម ដោយសារការតភ្ជាប់ នឹងកាន់តែមានភាពប្រសើរឡើង និងលទ្ធភាពប្រើប្រាស់ផ្លូវពាណិជ្ជកម្ម។
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធថ្មី អាចបើកឱកាសជាច្រើនក្នុងវិស័យកសិកម្ម ដោយទាក់ទាញគម្រោងកសិកម្មខ្នាតធំ និងការបង្កើតកសិ-កែច្នៃ។
ក្រៅពីនោះ កំណើននៃសកម្មភាពសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍន៍ឧស្សាហកម្ម និងភស្តុភារត្រូវបានរំពឹងថា នឹងជំរុញតម្រូវការអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម។នៅពេលអាជីវកម្មថ្មីបានលេចរូបរាលឡើង ហើយអាជីវកម្មមានស្រាប់ត្រូវបានពង្រីក នោះតម្រូវការលំនៅដ្ឋានតម្លៃសមរម្យ នឹងមានការកើនឡើង ដោយសារកម្លាំងពលកម្ម។
ការណ៍នេះ នឹងនាំឱ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីឆ្លើយតបនឹងមនុស្ស ដែលមានកម្រិតប្រាក់ចំណូលផ្សេងៗគ្នា ដោយធានាថា និយោជិតមានលទ្ធភាព ទទួលបានលក្ខខណ្ឌរស់នៅសមរម្យ នៅជិតកន្លែងធ្វើការរបស់ពួកគេ។ ក្នុងពេលដំណាលគ្នានេះ ការកើនឡើងនៃប្រតិបត្តិការអាជីវកម្ម នឹងបង្កើតឱ្យមានតម្រូវការអគារពាណិជ្ជកម្ម។
បន្ថែមពីលើនេះ ប្រតិបត្តិការអាជីវកម្ម ទាក់ទងនឹងវិស័យទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន និងសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗត្រូវបានរំពឹងថា នឹងកើនឡើង ព្រោះហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រែកជីក នឹងបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល៕ប្រភព: CBRE៕