រាជធានីភ្នំពេញស្ថិតក្នុងគោលដៅអាទិភាពទាំង២៥របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានធ្វើបច្ចុប្បន្នភាពលើអាទិភាព នៃការបើកផ្លូវហោះហើររបស់ខ្លួនទៅកាន់គោលដៅអន្តរជាតិ ដោយបានគូសបញ្ជាក់ពីទីក្រុងចំនួន២៥នៅទូទាំងពិភពលោក។
ក្នុងនោះ គោលដៅអាទិភាពចំនួន២ មានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងបើកការហោះហើរ មកកាន់កាន់រាជធានីភ្នំពេញរបស់កម្ពុជា នាពេលអនាគត និងទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី។
លោក Ahmet Bolat ប្រធានក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបញ្ជាក់ប្រាប់សារពត៌មាន Aviation Week ថា “យើងនឹងរីកចម្រើននៅអូស្ត្រាលី។ ក្នុងរយៈពេល២ឆ្នាំទៀត យើងនឹងបើកជើងហោះហើរប្រចាំថ្ងៃ ទៅកាន់ទាំងទីក្រុងម៊ែលបន (Melbourne) និងទីក្រុងស៊ីដនី (Sydney)”។
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងបើកជើងហោះហើរ ទៅកាន់គោលដៅចំនួន៤ នៅក្នុងតំបន់អាមេរិក ដូចជាទីក្រុងលីម៉ានៃប្រទេសប៉េរូ ទីក្រុង Orlando នៃសហរដ្ឋអាមេរិក ទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល និងទីក្រុងSantiagoនៃប្រទេសChile។
ចំពោះតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក្រុមហ៊ុនគ្រោងបើកជើងហោះហើរ ទៅកាន់ទីក្រុង Abha នៃប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងAswan របស់អេហ្ស៊ីប ទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ ទីក្រុង Hargeisa នៃប្រទេសសូម៉ាលី និងទីក្រុងជាច្រើនទៀត។
បញ្ជីនៃគោលដៅអនាគត ចំនួន៧ផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ មានទីតាំងនៅក្នុងទ្វីបអឺរ៉ុប ដូចជាទីក្រុង Bergen នៃប្រទេសន័រវេស ទីក្រុង Glasgowនៃប្រទេសស្កុតឡេន ទីក្រុង Iasi និងទីក្រុង Timisoara នៃប្រទេសRomania ទីក្រុង Katowiceរបស់ប៉ូឡូញ ទីក្រុង Nantes របស់ប្រទេសបារាំង និងទីក្រុង Newcastle នៃប្រទេសអង់គ្លេស។
នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានដឹកអ្នកដំណើរចំនួន២២,១លាននាក់ កើនឡើង៣៨ភាគរយ បើធៀបនឹងកម្រិតមុន ការរាតត្បាតនៃជំងឺកូវីដ-១៩ ទោះបីជាមានការពន្យាពេល ប្រគល់យន្តហោះយ៉ាងណាក្តី៕ប្រភព:Aviation Week៕