រដ្ឋមន្រ្តីក្រសួងបួនជួបជាមួយនាយកADBប្រចាំកម្ពុជាលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ត

0

រដ្ឋមន្រ្តីក្រសួងបួនជួបជាមួយនាយកADBប្រចាំកម្ពុជាលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ត

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន៤ បានជួបពិភាក្សាការងារ និងលើកទិសដៅពង្រីក កិច្ចសហប្រតិបត្តិការបន្តជាមួ​យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

ក្នុងជំនួបដែលដឹកនាំ ដោយលោកឧបនាយករដ្ឋមន្រ្តីហង់ ជួនណារ៉ុន រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានការអញ្ជើញចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធា​រណការ និងដឹកជញ្ជូន និងលោកស្រី រាឆែល ថមសន់ (Rachel Thompson) នាយិកាប្រតិបត្តិ នៃក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

គោលដៅចម្បងនៃជំនួបនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងកម្ពុជា និងADB ក៏ដូចជា ទិសដៅការងារបន្ត សំដៅចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងជំនួបនេះ លោកប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារ​ណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី នាពេលកន្លងមក និងបានជម្រាបជូនអំពីចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈ ផែនការមេគ្រប់ជ្រុងជ្រាយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ​បា​យ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

ផែនការនេះ សំដៅជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោ​បាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានស្នើទៅកាន់ភាគីធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេក និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានកំណត់ក្នុងផែន​ការមេគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប លោកស្រីនាយិកាប្រតិបត្តិ រាឆែល ថមសន់ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចប្រតិបត្តិការដ៏ល្អប្រសើររវាងADB និងកម្ពុជា និយាយជារួម និងនិយាយដោយឡែករវាង ADB និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។

បន្ថែមពីនេះ លោកស្រីក៏បានសន្យាថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោង ក្នុងវិស័យសាធា​រណការ និងដឹកជញ្ជូន ពិសេសគម្រោងអាទិភាព ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here