តើដីធ្លីនៅតំបន់អគាររដ្ឋាភិបាលក្នុងទីក្រុងគូឡាឡាំពួរមានតម្លៃបែបណា?

0

តើដីធ្លីនៅតំបន់អគាររដ្ឋាភិបាលក្នុងទីក្រុងគូឡាឡាំពួរមានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញ អចលនទ្រព្យបានឱ្យដឹងថា ដីនៅតំបន់ Duta enclaveនៅក្នុងទីក្រុងគូឡាឡាំពួរ ទំហំ១០៦,៧២ហិកតា មានតម្លៃមិនលើសពី៦ពាន់លានរីងហ្គីត(ប្រហែល១,៣៧ពាន់លានដុល្លារ)។

អ្នកវិភាគអចលនទ្រព្យជើងចាស់ លោក Sr. Samuel Tan បានប៉ាន់ប្រមាណដី នៅតំបន់ខាងលើ មានតម្លៃចន្លោះពី៥ពាន់លានរីងហ្គីត ទៅ៦ពាន់លានរីងហ្គីត ឬមានតម្លៃជាមធ្យមប្រហែល៥០០រីងហ្គីតមួយហ្វីតការ៉េ (psf) ។

អ្នកជំនាញបញ្ជាក់ថា “ការវាយតម្លៃនេះ បានគិតគូរពីទីតាំ​ង និងតម្លៃដីដែលអាចប្រៀបធៀបបាន នៅជិតគម្រោងអភិវឌ្ឍន៍ខុនដូ KL Metropolis ។ ដីទំហំជាង៩ហិកតានៅក្នុង និងជុំវិញគម្រោងនេះ មានតម្លៃជាមធ្យមចំនួន១៧៦,៦៣ដុល្លារ ក្នុងមួយហ្វីតការ៉េ។

បច្ចុប្បន្ន តំបន់ Duta enclave មានអគាររដ្ឋាភិបាលជាច្រើន រួមមាន វិទ្យាស្ថានសុចរិតភាពម៉ាឡេស៊ី(IIM) បណ្ណសារជាតិ តុលាការ ច្បាប់សាសនាអ៊ីស្លាម(Kuala Lumpur Syariah Court) អគារក្រុមប្រឹក្សាភិបាលចំណូលក្នុងស្រុក បណ្ឌិតសភាគណៈកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACA) និងពហុកីឡ​ដ្ឋានជាតិជាដើម។

ដើមឡើយ រដ្ឋាភិបាលម៉ាឡេស៊ី បានទិញដីនៅទីនោះជាលើកដំបូងក្នុងឆ្នាំ១៩៥៦ ក្នុងទំហំទឹកប្រាក់ចំនួន១,៣លានរីងហ្គីត ក្រោមអនុក្រឹត្យស្តីពី ការទិញដីនៅពេលនោះ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់Duta enclave ជាតំបន់ការទូត។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Semantan Estate ជាម្ចាស់ដើមរបស់ដីនេះ ក្នុងឆ្នាំ១៩៥២បានជំទាស់ នឹងការទិញយកនេះ។ ក្នុងឆ្នាំ២០០៩ តុលាការជាន់ខ្ពស់ បានកាត់ក្តីថារដ្ឋាភិបាល បានរំលោភបំពានលើដី ហើយការសម្រេចនេះ ត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ និងតុលាការសហព័ន្ធក្នុងឆ្នាំ២០១២។

ទោះជាយ៉ាងណាក្តី នៅថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ រដ្ឋាភិបាលបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការសម្រេចចិត្តរបស់តុលាកា​រជាន់ខ្ពស់ ដែលបញ្ជាឱ្យផ្ទេរដីនៅតំបន់នោះ ត្រឡប់ទៅឱ្យក្រុមហ៊ុន Semantan Estateវិញ៕ប្រភព:NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here