ការស្ទង់មតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចាត់ទុកលោកស្រី Kamala Harris ជាជម្រើសល្អប្រសើរជាងលោក ត្រាំ

0

ការស្ទង់មតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចាត់ទុកលោកស្រី Kamala Harris ជាជម្រើសល្អប្រសើរជាងលោក ត្រាំ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនជប៉ុនជាច្រើនជឿថា ប្រសិនបើលោកស្រី Kamala Harris ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នឹងក្លាយជាសញ្ញាវិជ្ជមាន ជាងរដ្ឋបាលរបស់លោក Donald Trump។នេះបើតាមការស្ទង់មតិរបស់សារពត៌មាន Reuters។

លទ្ធផល​នៃ​ការ​បោះឆ្នោត ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា ​កំពុង​ត្រូវ​បាន​បណ្តាប្រទេស​នានា នៅជុំវិញ​ពិភពលោក ​រង់ចាំអ៊ុតមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ក្នុងនោះ ក៏រួមមានទាំងប្រទេសជប៉ុន ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដោយមានទាហានអាមេរិក រាប់ម៉ឺននាក់ឈរជើងនៅទីនោះ។

ប៉ុន្តែការធ្វើធុរកិច្ចរបស់ក្រុមហ៊ុន អាជីវកម្មជប៉ុននឹងរងផល​ប៉ះពាល់ ចេញពីសង្រ្គាមពាណិជ្ជកម្មថ្មី រវាងសហរដ្ឋអាមេរិកនិងចិន ដោយសារចិននិងអាមេរិក ជាដៃគូពាណិជ្ជកម្មកំពូលរបស់ជប៉ុន។

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនចំនួន៤៣ភាគរយបានលើកឡើងថា ពួកគេពេញចិត្តលោកស្រី Harris ដោយសារយុទ្ធសាស្ត្រសាជីវកម្ម និងផែនការអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនជប៉ុនចំនួន៨ភាគរយប៉ុណ្ណោះ បានជ្រើសរើសលោក Trump ។

ក្រុមហ៊ុនជប៉ុនចំនួន៤៦ភាគរយបានអះអាងថា បេក្ខជនទាំងពីរនឹងមិនអីទេ ខណៈក្រុមហ៊ុនជប៉ុនចំនួន៣ភាគរយទៀតបង្ហាញមតិថា ពួកគេមិនចូលចិត្តបេក្ខជនទាំងពីរ។

អ្នកគ្រប់គ្រងមួយរូប នៅក្រុមហ៊ុនផលិតកម្មសេរ៉ាមិចមួយកន្លែងនៅក្នុងប្រទេសជប៉ុន បានសរសេរនៅក្នុងប្រអប់បញ្ចេញមតិក្នុងការស្ទង់មតិថា “សង្រ្គាមពាណិជ្ជកម្ម ភាពតានតឹងសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខ មានលទ្ធភាពកើតឡើងក្រោមការគ្រប់គ្រងរបស់លោក Trump ដោយបង្ខំឱ្យយើងផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន”។

ទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយរដ្ឋបាលលោក Trump ធ្លាប់មានភាពតានតឹង ដោយសារលោកបានទាមទារឱ្យរដ្ឋាភិបាលជប៉ុន បង់ប្រាក់បន្ថែមទៀតចំពោះជំនួយយោធា និងភាពតានតឹងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ មន្ដ្រីមួយរូបនៅក្នុងក្រុមហ៊ុន ​គីមីជប៉ុនលើកឡើងថា “ប្រសិនបើលោកស្រី Harris ជាប់ឆ្នោតជាប្រធា​នាធិបតីថ្មី នោះយើងរំពឹងទុកថា គោលនយោបាយរបស់រដ្ឋបាលរបស់ប្រធានាធិបតីបច្ចុប្បន្ន នឹងត្រូវបានបន្តអនុវត្តន៍”។

នៅពេលត្រូវបានសាកសួរថា តើការផ្លាស់ប្តូរអ្វីនឹងមានភាពចាំបាច់ នៅក្រោមរដ្ឋបាលលោក Trump ក្រុមហ៊ុនជប៉ុនចំនួន៣៤ភាគរយឆ្លើយថា យុទ្ធសាស្រ្តអត្រាប្តូរប្រាក់បរទេសរបស់ពួកគេ នឹងត្រូវពិនិត្យឡើងវិញ ខណៈក្រុមហ៊ុនជប៉ុនចំនួន២៨ភាគរយបានឆ្លើយថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេនឹងត្រូវបានសម្រួលឡើងវិញ ហើយក្រុមហ៊ុនជប៉ុនចំនួន២១ភាគរយទៀតបានឆ្លើយថា ពួកគេនឹងកាត់បន្ថយប្រតិបត្តិការ នៅប្រទេសចិន។

ការស្ទង់មតិនេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុនជប៉ុនចំនួន៥០៦ក្រុមហ៊ុន។ ប៉ុន្តែជាលទ្ធផល គេសង្កេតឃើញមានក្រុមហ៊ុនជប៉ុន ចំនួន២៤៣ក្រុមហ៊ុនបានឆ្លើយតប។

ការស្ទង់មតិបានបង្ហាញទៀតថា មិនសំខាន់ថា បេក្ខជនរូបណាជាអ្នកឈ្នះការបោះឆ្នោតនោះទេ ក្រុមហ៊ុនជប៉ុនចំនួន១៣ភាគរយ កំពុងពិចារណាកាត់បន្ថយប្រតិបត្តិការ នៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនចំនួន៣ភាគរយ គ្រោងពង្រីកអាជី​វកម្មនៅចិន ហើយក្រុមហ៊ុនចំនួន៤៧ភាគរយ គ្រោងបន្តរក្សាអាជីវកម្មនៅប្រទេសចិន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here