យន្តហោះដឹកអ្នកដំណើរចិនC919 អាចទទួលបានការទទួលស្គាល់ពីអឺរ៉ុបនៅឆ្នាំ២០២៥ខាងមុខ
ដោយ: គង់ លាងហួរ
អន្តរជាតិ: យន្តហោះដឹកអ្នកដំណើរចិន ប្រភេទ C919 បានបោះជំហានវិជ្ជមាន កាន់តែខិតជិតទទួលបានការទទួលស្គាល់ ពីទីភ្នាក់ងារសុវត្ថិភាព អាកាសចរណ៍សហភាពអឺរ៉ុប (EASA) បន្ទាប់ពីការត្រួតពិនិត្យដោយក្រុមនិយតករ។
-->
យន្តហោះ C919 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្ម នៃប្រទេសចិន (COMAC) និងបានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងប្រទេសកំណើតរបស់ខ្លួនរួចមកហើយ។
ប៉ុន្តែក្រុមហ៊ុននៅតែត្រូវការ ការទទួលស្គាល់ពីអន្តរជាតិ ដើម្បីបំពេញមហិច្ឆតារបស់ចិន ក្នុងការក្លាយជាអ្នកប្រកួតប្រជែ ងពិតប្រាកដ ចំពោះក្រុមហ៊ុនលោកខាងលិច រួមមានក្រុមហ៊ុនផលិតយន្តហោះ Airbus និងយន្តហោះ Boeing។
យោងតាមរបាយការណ៍ពីកាសែត South China Morning Post បានឱ្យដឹងថា បន្ទាប់ពីបានចុះត្រួតពិនិត្យនៅទីតាំងផលិតកម្ម ក្នុងទីក្រុងសៀងហៃ ក្រុមនិយតករសហភាពអឺរ៉ុបបានផ្តល់មតិត្រឡប់ (Feedback) ជាវិជ្ជមានអំពីយន្តហោះ C919 ។
ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសចិន កាន់តែមានសុទិដ្ឋិនិយម ចំពោះការទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការ និងគ្រោងធ្វើតេស្តសាកល្បងហោះហើរ នៅសហភាពអឺរ៉ុបក្នុងឆ្នាំ២០២៥ខាងមុខ។
ការចុះត្រួតពិនិត្យដោយគណប្រតិភូ របស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) មានគោលបំណងចម្បងដើម្បីធានាថា គ្រប់ផ្នែកទាំងអស់របស់យន្តហោះចិនបានអនុលោមតាម តម្រូវការបទប្បញ្ញត្តិរបស់EU។
យន្តហោះ C919 ជាយន្តហោះដឹកអ្នកដំណើរដំបូងគេដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ទោះបីជាគ្រឿងបន្លាស់ជាច្រើន នៅតែត្រូវបាននាំចូលពីបរទេស ដូចជា ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះបារាំង-អាមេរិក CFM Internationalយ៉ាងណាក្តី។
យន្តហោះនេះត្រូវបានប្រកាសផលិត ជាលើកដំបូងនៅក្នុងឆ្នាំ២០០៩ និងបានហោះហើរលើកដំបូង នៅទីក្រុងសៀងហៃក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការពន្យារពេលជាច្រើនដង។ ក្នុងឆ្នាំ២០២២ យន្តហោះ C919 ទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីប្រភេទពីរដ្ឋបាល អាកាសចរណ៍ស៊ីវិលនៃប្រទេសចិន និងទទួលបានការបញ្ជាទិញ ពីក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក៕ប្រភព:SCMP៕
