គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។
យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ សីហាបានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តន៍គម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB) ចំនួន១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តន៍ ចំនួន៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ហិរញ្ញប្បទាននេះ មានគោលបំណង សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។
ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេស ដល់ស្ថាប័ន រដ្ឋ។
កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម នៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន ទីកំណាត់ទី១ គិតចាប់ពីគីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។
កំណាត់ទី២ គិតចាប់ពីគីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។
កំណាត់ទី៣ គិតចាប់ពីគីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ។
កំណាត់ទី៤ គិតចាប់ពីគីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។
កំណាត់ទី៥ គិតចាប់ពីគីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។
កំណាត់ទី៦ គិតចាប់ពីគីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។
កំណាត់ទី៧ គិតចាប់ពីគីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕