រដ្ឋមន្រ្តីសាធារណការលើកទឹកចិត្តឲ្យការដឹកជញ្ជូនទំនិញធ្វើឡើងតាមផ្លូវដែកកម្ពុជា
ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា ចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជាឱ្យបានជាអតិបរមា។
លោកបានលើកឡើងបែបនេះ ដោយសារហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ និងស្នើដល់ក្រុមហ៊ុន Royal Railway ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជា ដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា។
លោកបានលើកឡើងបែបនេះ ក្នុងពេលចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធន៍ អតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ ដែលមានការចូលរួមពី អ្នកឧកញ៉ាគិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group)កាលពីចុងសប្តាហ៍មុន។
មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ នឹងក្លាយជាកន្លែងពហុមុខងារ សម្រាប់បម្រើសេវាអតិថិជន លើផ្នែកទូរគមនាគមន៍ និងសេវាកម្មធនាគារ ដែលអាចទាញសេវាទាំងអស់ មកក្នុងទីតាំងតែមួយ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងសាធារណជន មានដូចជាហាងកាហ្វេ សេវាកម្មធនាគារ កន្លែងលក់សំបុត្ររថភ្លើង និងសេវាកម្មអតិថិជនយ៉ាងពេញលេញមានដូចជា ទិញស៊ីមកាតeSim និងលេខពិសេស បើកស៊ីមកាតឡើងវិញ ប្តូរកម្មសិទ្ធិស៊ីមកាត ភ្ជាប់សេវាកម្ម ឬ កញ្ចប់ផ្សេងៗ សេវាកម្មអ៊ីនធឺណិតគេហដ្ឋាន និងទូរស័ព្ទទំនើបៗជាច្រើន។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងការចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ៕