ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃឆក់ឱកាសពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

0

ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃឆក់ឱកាសពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រជាជននៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) កំពុងក្លាយជាអ្នកមានកាន់តែច្រើន ស្របពេលដែលជម្លោះប្រដាប់អាវុធ បានបង្កការព្រួយបារម្ភ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

សេដ្ឋកិច្ចរបស់ប្រទេសវាលខ្សាច់មួយនេះ កំពុងរីកចម្រើនយ៉ាងខ្លាំង តាមរយៈវិស័យទេសចរណ៍ និងសំណង់ ដោយសារទីក្រុងឌូបៃ បានក្លាយជាទីតាំងសុវត្ថិភាព ទោះបីជាមានភាពតានតឹងនៅក្នុងតំបន់ បន្ទាប់ពីមានការធ្វើឃាត លើមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ក្នុងប្រទេសអ៊ីរ៉ង់។

លោក Zhann Jochinke ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property Monitor បានបញ្ជាក់ប្រាប់សារព័ត៌មាន The Associated Press ថា “ទីក្រុងឌូបៃស្ថិតនៅក្នុងទីតាំងពិសេសតែមួយគត់។ យើងក្លាយជាអ្នកទទួលផល ពីវិបត្តិនៅក្នុងតំបន់”។

ទីក្រុងឌូបៃមានប្រវត្តិដ៏យូរលង់ ក្នុងការទទួលបានអត្ថប្រ​យោជន៍ដោយប្រយោល ចេញពីភាពតានតឹងក្នុងតំបន់។ នៅពេលមហាសេដ្ឋី មានការព្រួយបារម្ភអំពីភាពចលាចល ទីក្រុងឌូបៃបានផ្តល់នូវស្ថេរភាព អត្រាពន្ធទាប និងប្រព័ន្ធទិដ្ឋាការងាយស្រួល។

ជាក់ស្ដែង ភាពចលាចលនាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យទីក្រុងឌូបៃ ក្លាយជាអ្នកទទួលផលសារជាថ្មី។ តម្រូវការ​​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​របស់​ទីក្រុង​ឌូបៃ កំពុងពុះកញ្ជ្រោល ទោះបី​ជាមានគ្រោះទឹកជំនន់ដ៏កំណាច កាលពីខែមេសាក៏មិនអាចធ្វើឱ្យទីផ្សារធ្លាក់ចុះ។

ក្រុមហ៊ុនអចលនទ្រព្យគាំទ្រដោយរដ្ឋ Emaar Properties ដែលជាម្ចាស់រអគារកប់ពពក ជាច្រើននៅទីក្រុងឌូបៃ បានប្រ​កា​សថា ក្រុមហ៊ុនរកចំណូលបាន៨,១ពាន់លានដុល្លារ ពីការលក់នៅឆមាសទីមួយឆ្នាំនេះ កើនឡើងពី៥,២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃផ្ទះវីឡាប្រណីត នៅទូទាំងទីក្រុង បានបំបែកកំណត់ត្រាថ្មីមួយ ដោយកើនឡើងប្រហែល៣៨% នៅក្នុងត្រីមាសទីពីរឆ្នាំ២០២៤ បើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ValuStrat ។

តម្លៃវីឡាជាមធ្យម មានកម្រិតលើសពី២,៧លានដុល្លារក្នុងមួយយូនីតជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍។បច្ចុ​ប្បន្ន តម្លៃអាផាតម៉ិន នៅតំបន់ប្រជុំកោះសិប្បនិម្មិត Palm Jumeirah បានបំបែកកំណត់ហួសកម្រិតកំពូលក្នុងឆ្នាំ២០១៤។

លោក Tariq Shah ប្រធានផ្នែកលក់នៅក្រុមហ៊ុនឈ្មួញជើងសាផ្នែកអចលនទ្រព្យ Pat & Co.បានអះអាងថា “តម្រូវការពីអតិថិជនរបស់លោក ដែលកំពុងស្វែងរកទិញផ្ទះ បានកើនឡើងយ៉ាងគំហុក ហើយតម្រូវការផ្ទះប្រណីត បានកើនលើសពីការរំពឹងទុក”។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍ បានសាងសង់ផ្ទះរួចរាល់ ជាង៦.០០០យូនីតនៅឆមាសទី១ឆ្នាំនេះ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ផ្ទះ ចំនួន២ម៉ឺនយូនីតបន្ថែមទៀត នៅត្រឹមចុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិឌូបៃ ក្នុងនាមជាអាកាសយានដ្ឋានអន្តរជាតិ ដ៏មមាញឹកបំផុតរបស់ពិភពលោក បានទទួលស្វាគមន៍ អ្នកដំណើរបរទេសចំនួន៤៤,៩លាននាក់នៅក្នុងឆមាសទីមួយឆ្នាំនេះ៕ប្រភព:AP៕

LEAVE A REPLY

Please enter your comment!
Please enter your name here