ក្រុមហ៊ុនអន្តរជាតិ Hilton ប្រកាសបន្តពង្រីកវត្តមាននៅ
ក្នុងទីផ្សារសណ្ឋាគាររបស់ប្រទេសចិន
ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រតិបត្តិករសណ្ឋាគារសកល Hilton បង្ហាញសុទិដ្ឋិនិយម ចំពោះសក្ដានុពលកំណើន ទីផ្សារទេសចរណ៍នៅតំបន់ចិនដីគោក ដោយគ្រោងបន្តការពង្រីកវត្តមាន របស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនHilton គ្រប់គ្រងម៉ាកយីហោសណ្ឋាគារល្បីៗដូចជាសណ្ឋាគារ Conrad និងសណ្ឋាគារ Waldorf Astoria។ ក្រុមហ៊ុនមានបំណង បើកសណ្ឋាគារថ្មីយ៉ាងតិច១០០ទីតាំង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន ដើម្បីបំពេញកំណើនតម្រូវការស្នាក់នៅ។
លោក Qian Jin ប្រធានក្រុមហ៊ុន Hilton Greater China & Mongolia បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា “សណ្ឋាគាររបស់យើងមានតម្រូវការខ្ពស់ ក្នុងការផ្តល់ជូនសេវាកម្មផ្ទាល់ខ្លួនដល់ភ្ញៀវទេសចរណ៍”។
លោកបន្តថា “យើងត្រូវកែតម្រូវម៉ាកយីហោ ទាំងនោះតិចតួច ដើម្បីសម្រេចបានដំណើរការល្អប្រសើរ នៅពេលយើងឈានជើងចូលទៅកាន់គោលដៅទីផ្សារជាក់លាក់ មួយចំនួន ដើម្បីចាប់យកឱកាសរីកចម្រើន”។
ចំនួនភ្ញៀវទេសចរណ៍ចេញ ដើរកំសាន្តនៅអំឡុងពេលថ្ងៃឈប់សម្រាក នាឱកាសទិវាពលកម្មកាល ពីដើមខែឧសភានៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក។
ទោះជាយ៉ាងណា បណ្តាសណ្ឋាគារធំៗ ជាច្រើនបានបរាជ័យ ក្នុងការទាញយកប្រាក់ចំណូល ពីការកើនឡើងនេះ ដោយសារអ្នកដំណើរបានជ្រើសរើស ទៅលេងរមណីយដ្ឋានដែលមិនសូវមានអ្នកស្គាល់។ ម្ចាស់សណ្ឋាគារនានា បានផ្អាកការដំឡើងតម្លៃបន្ទប់ ស្របពេលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Caitong Securities ។
ក្រុមហ៊ុន Hilton បានបើកសណ្ឋាគារនៅតំបន់ចិនដីគោកជាលើកដំបូង នៅក្នុងឆ្នាំ១៩៨៨ និងបានដើរនាំមុខដៃគូប្រជែងលំដាប់អន្តរជាតិផ្សេងទៀត ដូចជា សណ្ឋាគារ InterContinental និងសណ្ឋាគារ Marriott ក្នុងលក្ខខណ្ឌនៃការបើកដំណើរថ្មី។
គិតត្រឹមពេលបច្ចុប្បន្ន ផលប័ត្ររបស់ក្រុមហ៊ុនប្រតិបត្តិករ Hilton រួមមានសណ្ឋាគារចំនួន៧០០ទីតាំង នៅទូទាំងតំបន់ចិនដីគោក កោះហុងកុង កោះតៃវ៉ាន់ និងទីក្រុងម៉ាកាវ កើនឡើង៣៦៧ភាគរយ បើធៀបនឹងចុងឆ្នាំ២០១៨។
លោក Zhou Tao ប្រធានផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្រុមហ៊ុន JLL ក្នុងប្រទេសចិនបានលើកឡើងថា អត្រាផលចំណេញត្រឡប់មកវិញ ពីការវិនិយោគអាចកើនឡើងដល់៤ភាគរយ ប្រសិនបើការចំណាយ លើការគ្រប់គ្រងសណ្ឋាគារត្រូវបានចាត់ចែង ប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងការផ្តល់សេវាកម្មឱ្យបានពេញចិត្តរបស់អតិថិជន។
ក្រុមហ៊ុនប្រឹក្សាធុរកិច្ច Renub Research បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ទីផ្សារសណ្ឋាគាររបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ៨,៩ភាគរយ ដល់ទំហំទឹកប្រាក់១៦៦ពាន់លានដុល្លារ នៅឆ្នាំ២០២៨ ដោយសារការកើនឡើង នៃវិស័យទេសចរណ៍ ការកើនឡើងនៃវណ្ណៈកណ្តាល និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ដើម្បីជំរុញឧស្សាហកម្មសណ្ឋាគារ៕ប្រភព:SCMP៕