គម្រោងអាកាសយានដ្ឋាននៅទីក្រុងកំពង់ផែប៊ូសានដ៏ល្បីរបស់កូរ៉េខាងត្បូង ប្រឈមនឹងភាពមិនប្រាកដប្រជា
ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអាកាសយានដ្ឋានថ្មី ស្ថិតនៅលើកោះ Gadeok ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមភាពមិនច្បាស់លាស់ ខណៈរដ្ឋាភិបាលបានបរាជ័យចំនួន៣លើកជាប់គ្នា ក្នុងការស្វែងរកក្រុមហ៊ុនម៉ៅការសាងសង់។
-->
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានប្រកា សថា ការដេញថ្លៃកិច្ចសន្យាសាងសង់ គម្រោងអាកាសយានដ្ឋាន ស្ថិតនៅភាគនិរតីនៃដែនទឹក ក្នុងទីក្រុងប៊ូសានមួយនេះមិនបានជោគជ័យទេ ដោយសារតែខ្វះបេក្ខជន។ គេសង្កេតឃើញមានតែក្រុមហ៊ុន Hyundai Engineering and Construction (E&C) ប៉ុណ្ណោះដែលបានដាក់សំណើដេញថ្លៃ។
ឆ្លើយតបចំពោះបញ្ហានេះ ក្រសួងបានចាប់ផ្តើមការដេញថ្លៃលើកទី៤ និងបានប្រកាសថ្ងៃផុតកំណត់ សម្រាប់ការដាក់ពាក្យដេញថ្លៃត្រឹមថ្ងៃទី៥ ខែកញ្ញាខាងមុខ សំដៅជំរុញការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងចំណោមក្រុមហ៊ុននានា ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានសមត្ថភាពបំផុត។
ក្រសួងបានបន្តថា “នៅពេលយើងជ្រើសរើសអ្នកឈ្នះការដេញថ្លៃចុងក្រោយបាន យើងនឹងផ្តោតលើការសាងសង់អាកា សយានដ្ឋានឱ្យបានចប់រួចរាល់ មុនដំណាច់ឆ្នាំ២០២៩#។ មន្រ្តីក្រសួងបានបន្តថា “យើងមានគម្រោងកាត់បន្ថយពេលវេលាសាងសង់ ដោយប្រើប្រាស់ឧបករណ៍ សំណង់ស្វ័យប្រវត្តិទំនើបបំផុត និងបច្ចេកវិទ្យាទំនើបបំផុត”។
យ៉ាងណាមិញ ផែនការរបស់អាជ្ញាធរ ក្នុងការបើកដំណើរការព្រលានយន្តហោះនៅឆ្នាំ២០២៩ កំពុងប្រឈមការព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីការដេញថ្លៃ បានបរាជ័យ៣លើករួចមកហើយ។ ការដេញថ្លៃជុំទី១ កាលពីដើមខែមិថុនា មិនមានអ្នកដាក់ពាក្យទេ។នៅក្នុងជុំទី២ ក្រុមហ៊ុន Hyundai E&C ជាបេក្ខជនដេញថ្លៃតែមួយគត់។
ចំណែកនៅក្នុងជុំទី៣ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើន បានចូលរួមក្នុងការចងសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai ដោយក្នុងនោះក្រុមហ៊ុន Hyundai E&C កាន់កាប់ភាគហ៊ុន២៥,៥ភាគរយ ក្រុមហ៊ុន Daewoo E&C កាន់កាប់ភាគហ៊ុន១៨ភាគរយ និងក្រុមហ៊ុន POSCO E&C កាន់កាប់ភាគហ៊ុន១៣,៥ភាគរយ។ ប៉ុន្តែការដេញថ្លៃ នៅតែមិនទទួលបានជោគជ័យ។
ការសាងសង់គម្រោងទាំងមូល គ្រោងចំណាយទុនវិនិយោគចំនួន១៤,៤៩ទ្រីលានវ៉ុន (ប្រហែល១០,៨៨ពាន់លានដុល្លារ) ខណៈដំណាក់កាលដំបូង ត្រូវបានគេរំពឹងថា នឹងចំណាយដើមទុនអស់១០,៥៣ទ្រីលានវ៉ុន។
នៅពេលការរៀបចំទីតាំងត្រូវបានបញ្ចប់ ក្រុមហ៊ុននឹងចាក់ដីជុំវិញកោះ សាងសង់ផ្លូវរត់ កន្លែងចតរថយន្ត ស្ថានីយ ព្រមទាំងសម្ភារៈបរិក្ខារ នៅតាមឆ្នេរសមុទ្រ និងស្ពានតភ្ជាប់កោះទៅកាន់ដីគោក។ គម្រោងទាំងមូលគ្រោងនឹងបញ្ចប់ ក្នុង រយៈពេល៦ឆ្នាំ រាប់ចាប់ពីពេលចាប់ផ្តើមបើកការដ្ឋាន៕ប្រភព: Korea Times៕
