រដ្ឋាភិបាលថ្មីរបស់អង់គ្លេស បង្ហាញបំណងពង្រីកពាណិជ្ជកម្មជាមួយតំបន់អាស៊ានទាំងមូល

0
Untitled design - 1

រដ្ឋាភិបាលថ្មីរបស់អង់គ្លេស បង្ហាញបំណងពង្រីកពាណិជ្ជកម្មជាមួយតំបន់អាស៊ានទាំងមូល

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលថ្មីរបស់ប្រទេសអង់គ្លេស គ្រោងបន្តពង្រីកពាណិជ្ជកម្ម ជាមួយតំបន់អាស៊ានទាំងមូល បន្ថែមពីលើការពង្រីកទំនាក់ទំនង ក្នុងវិស័យផ្សេងទៀត រួមមានបច្ចេកវិទ្យាឌីជីថល ការថែទាំសុខភាព និងថាមពលស្អាត។

លោកស្រី Rhiannon Harries ស្នងការរងទទួលបន្ទុកផ្នែកពាណិជ្ជកម្មអង់គ្លេស ប្រចាំតំបន់អាស៊ាន បានលើកឡើងថា ការពង្រីកសេដ្ឋកិច្ច របស់ប្រទេសជាគោលដៅចម្បង នៃគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស។

ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់ថា “នេះជារឿងសំខាន់ ខណៈចក្រភពអង់គ្លេស កំពុងស្វែងរកកិច្ចសហការជា​មួយបណ្តាប្រទេសមានសេដ្ឋកិច្ច រីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាបណ្តាប្រទេសសមាជិកអាស៊ានជាដើម”។

លោកស្រីបានបន្តទៀតថា រដ្ឋាភិបាលអង់គ្លេសបានបង្ហើ​បអំពីកិច្ចសហប្រតិបត្តិការទាំងនេះ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវនាពេលថ្មីៗនេះ។

លោកស្រី Harries បានបញ្ជាក់ថា “យើងបានមើលឃើញសញ្ញាដ៏រឹងមាំរួចហើយ ក្នុងការស្វែងរកភាពជាដៃគូជាមួយបណ្តាប្រទេសអាស៊ាន ក្នុងអំឡុងពេលលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មី ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេ​ស​អាស៊ាននៅទីក្រុងវៀងច័ន្ទន៍”។

ចក្រភពអង់គ្លេសជាបណ្តុំ របស់សាកលវិទ្យាល័យកំពូលទាំង៤ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០ នៅលើពិភពលោក និងមានក្រុមហ៊ុនសហគ្រាសប្រភេទ Unicorn ជាង១៦០ ជាមួយនឹងទំហំទឹកប្រាក់សរុបរួមបញ្ចូលគ្នា ជាង១ទ្រីលា​នដុល្លារអាមេរិក។

ចំណែកបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា នៅអង់គ្លេសរៃអង្គាសប្រាក់បានជាង២១ពាន់លានដុល្លារកាលពីឆ្នាំមុន។

ទន្ទឹមគ្នានេះ លោកស្រីក៏បានលើកឡើង អំពីសក្តានុពលរបស់ថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចឌីជីថលឈានមុខគេក្នុងតំបន់។ លោកស្រីបញ្ជាក់ថា “សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ បានកើនលើសទំហំទឹកប្រាក់៣៦ពាន់លានដុល្លារ ហើយថៃ ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅក្នុងតំបន់អាស៊ាន”។

លើសពីនេះ លោកស្រីបានអះអាងបន្ថែមថា រដ្ឋាភិបាលថ្មីរបស់អង់គ្លេស មានគោលដៅប្រែក្លាយ ប្រទេសរបស់ខ្លួនជាមហាអំណាចផ្នែកថាមពលស្អាត។ ការណ៍នេះ ​ទាមទារ​ឱ្យមានការ​កសាង​សក្តានុពល​ថាមពល​ កកើត​ឡើង​វិញ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here