ថ្នាក់ដឹកនាំCVEAបន្តទាក់ទាញអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណឲ្យរត់រកច្បាប់ ដើម្បីកសាងទំនុកចិត្តទីផ្សារ

0
Untitled design - 1

ថ្នាក់ដឹកនាំCVEAបន្តទាក់ទាញអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណឲ្យរត់រកច្បាប់ ដើម្បីកសាងទំនុកចិត្តទីផ្សារ

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា(CVEA)បានប្រកាសជាថ្មី ក្នុងការប្រឆាំងនឹងអ្នកផ្តល់សេវាកម្មក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកឧកញ៉ាចេង ខេងក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានក្រុមអ្នករកស៊ី គ្មានអាជ្ញាប័ណ្ណជាច្រើននៅក្នុងវិស័យនេះ ដែលរហូតមកទល់ពេលនេះ សមាគមបានប្រមូលបានតារាងឈ្មោះមួយចំនួនហើយ ដែលពួកគេគួរតែចូលមកជាសមាជិក របស់សមា​គមទាំងអស់គ្នា ដើម្បីប្រកបរបរដោយសុច្ចរិត និងបង្កើនទំនុកចិត្តដល់វិស័យនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា “មានក្រុមហ៊ុនមួយចំនួន បានរកស៊ីបោកប្រាស់ ដល់អ្នកវិនិយោគបរទេស ដែលធ្វើឲ្យពួកគេខ្លាច និងមិនហ៊ានចូលមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ការរួមគ្នាផ្តល់ទំនុកចិត្តក្នុងទីផ្សារ មានសារៈសំខាន់ណាស់ ដើម្បីជម្រុញវិស័យនេះ ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នក​វិនិយោគកាន់តែប្រសើរឡើង”។

លោកឧកញ៉ាចេង ខេងបានបន្តថា ពួកយើងជាថ្នាក់ដឹកនាំ និងសមាជិកសមាគម តែងតែប្រឹងប្រែងណាស់ ដើម្បីជម្រុញទីផ្សារអចលនវត្ថុ ប៉ុន្តែជួនកាលយើងធ្វើល្អបានមួយចំនួន តែអ្នកគ្មានច្បាប់ បានធ្វើឲ្យខូចទីផ្សារ ធ្វើឲ្យបាត់បង់ទំនុកចិត្ត ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនៅក្នុងវិស័យនេះទាំងមូល។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា យើងពិតជាចង់ និងជម្រុញឲ្យអ្នកនៅក្នុងវិស័យនេះ ដែលរកស៊ីគ្មានច្បាប់ គ្មានអាជ្ញាប័ណ្ណច្បាស់លាស់ ឲ្យរត់រកច្បាប់ឲ្យបានត្រឹមត្រូវ ហើយចូលមកជាសមាជិកសមាគម ដើម្បីទទួលបានការគាំទ្រ និងការបណ្តុះបណ្តាល។

លោកបន្តថា “សមាគមស្វាគមន៍អ្នកវិនិយោគជាតិ អន្តរជាតិមកធ្វើការពិភាក្សាជាមួយសមាគម និងសមាជិកសមាគម ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ”។ លោកបន្តថា “ដំណាក់កាលនេះ ការកសាងទំនុកចិត្តឲ្យបានកាន់តែរ៉ឹងមាំ នឹងធ្វើឲ្យទីផ្សារងើបឡើងកាន់តែឆាប់រហ័ស”។

លោកសន សៀបបានព្យាករណ៍ថា ទីផ្សារអចលនវត្ថុកម្ពុជា ត្រូវការពេលមួយចំនួនទៀត ដើម្បីឲ្យអ្វីៗដំណើរការដោយរីកចម្រើន និងរលូន ដូចមុនវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here