គម្រោងស្តារសោភ័ណភាពRiver of Life ក្នុងទីក្រុងគូឡាឡាំពួរ តម្លៃជាង១ពាន់លានដុល្លារសាងសង់យឺតយ៉ាវជាងផែនការ

0

គម្រោងស្តារសោភ័ណភាពRiver of Life ក្នុងទីក្រុងគូឡាឡាំពួរ តម្លៃជាង១ពាន់លានដុល្លារសាងសង់យឺតយ៉ាវជាងផែនការ

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងកែលម្អគុណភាព និងសោភ័ណភាពទន្លេរ River of Life (ROL) របស់រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបានវឌ្ឍនភាពចំនួន៨១ភាគរយ និងមិនអាចបញ្ចប់ការសាងសង់ទាន់ផែនការគ្រោងទុកនៅឆ្នាំ២០២៤នេះ។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ គម្រោងចំនួន១៣០ ក្នុងចំណោម១៦០គម្រោង ស្ថិតក្រោមគម្រោងមេ River of Life តម្លៃ៤,៣៦ពាន់លានរីងហ្គីត (ប្រហែល១,០៦ពាន់លានដុល្លារអាមេរិក) បានបញ្ចប់ការសាងសង់រួចរាល់។

ក្នុងនោះរដ្ឋាភិបាលម៉ាឡេស៊ី បានវិភាជន៍ទុនចំនួន៣,៣ពាន់លានរីងហ្គីត សម្រាប់ផ្នែកសម្អាត ខណៈទុនចំនួន១,០៦ពាន់លានរីងហ្គីតទៀត ត្រូវបានបម្រុងទុកសម្រាប់ជំរុញភាពស្រស់ស្អាតនៃទន្លេរ។

ទោះបីជាគម្រោងខាងលើជួបប្រទះបញ្ហា និងមិនអាចបញ្ច​ប់ទាន់ពេលវេលាយ៉ាងណាក្តី មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា ទន្លេរKlang និង Gombak នៅក្នុងទីក្រុងគូឡាឡាំពួរ បានទទួលឋានៈជាមាត់ទឹកដ៏ល្បីល្បាញមួយ។

យោងតាមរបាយការណ៍រៀបចំឡើង ដោយនាយកដ្ឋានវាយតម្លៃ និងផ្តល់សេវាកម្មអចលនទ្រព្យម៉ាឡេស៊ី បានបង្ហាញថា ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍គម្រោង River of Life បានកើនឡើង៨៧% ពី៦,១ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០១២ដល់១១,៤ពាន់លានរីងហ្គីតនៅឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍មួយបានបង្ហាញថា គម្រោង River of Life ត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេលសាងសង់ ហើយនឹងមិនអាចបំពេញតាមកាលកំណត់របស់ខ្លួននោះទេ។

ការអនុវត្តន៍គម្រោង ROL មានគោលបំណងប្រែក្លាយតំបន់អាងទន្លេ Klang និងទន្លេ Gombak នៅក្នុងទីក្រុងគូឡាឡាំពួរ ពីទន្លេរ ដែលមិនមានការប្រកួតប្រជែង និងកខ្វក់ពីមុនទៅជារមណីយដ្ឋានមាត់ទឹកដ៏ទាក់ទាញ និងមានគុណតម្លៃសេដ្ឋកិច្ចខ្ពស់។

គោលបំណងរបស់គម្រោង ROL ក្នុងការកែលម្អគុណភាពទឹកទន្លេឱ្យដល់ចំណាត់ថ្នាក់ IIB (ចំណាត់ថ្នាក់នេះមានន័យថា គុណភាពទឹក ស័ក្តិសមសម្រាប់ការប្រើប្រាស់កម្សាន្ត និងអាចប៉ះពាល់រាងកាយបាន) ប៉ុន្តែគោលដៅនេះ ពិបាកនឹងសម្រេចបាន ដោយសារភាពទន់ខ្សោយ ក្នុងការរៀបចំផែនការ ការអនុវត្តន៍ ព្រមទាំងកង្វះនៃការយល់ដឹងអំពីការថែទាំទន្លេរ៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here