តើគម្រោងផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃបន្តមកកាន់កម្ពុជាវិវត្តន៍ដល់ណាហើយ?
ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវហាយវេ Kolkata Bangkok ឬហៅថាផ្លូវហាយវេត្រីភាគី នឹងតភ្ជាប់ទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុង Kolkata ប្រទេសឥណ្ឌា តាមរយៈប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងតំបន់អាស៊ាន។
-->
ផ្លូវហាយវេនេះ នឹងតភ្ជាប់ទីក្រុងសំខាន់ៗជាច្រើន នៅទូទាំងប្រទេសទាំង៣ រួមមានទីក្រុងបាងកករបស់ថៃ ទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ដាដា របស់មីយ៉ាន់ម៉ា ទីក្រុង Kolkata ទីក្រុង Siliguri, ទីក្រុង Guwahati និងទីក្រុង Kohima របស់ឥណ្ឌា។
ផ្លូវហាយវេត្រីភាគី នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ នៅក្នុងតំបន់ច្រករបៀងភាគខាងកើត -ខាងលិច និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong ដោយពង្រីកការតភ្ជាប់ ទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ផ្លូវហាយវេត្រីភាគី នឹងមានចម្ងាយសរុបប្រហែល២.៨០០គីឡូម៉ែត្រ។ កំណាត់ផ្លូវហាយវេភាគច្រើន មានទីតាំងស្ថិតនៅក្នុងទឹកដីនៃប្រទេសឥណ្ឌា ខណៈកំណាត់ផ្លូវហាយវេ នៅក្នុងប្រទេសថៃ នឹងមានចម្ងាយខ្លីបំផុត ក្នុងចំណោមប្រទេសទាំង៣។
គម្រោងផ្លូវហាយវេ Kolkata Bangkok ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៧ខាងមុខ ខណៈផ្នែកខ្លះនៃបណ្តាញផ្លូវហាយវេ បានសង់រួចរាល់ហើយ។
គិតត្រឹមពេលនេះ ការសាងសង់ផ្លូវហាយវ៉េត្រូវបានបញ្ចប់ជាអតិបរមានៅប្រទេសថៃ។ បច្ចុប្បន្ន ការស្ថាបនាកំណាត់ផ្លូវហាយវ៉េក្នុងប្រទេសថៃជិតរួចរាល់។ ប៉ុន្តែការងារសាងសង់កំណាត់ហាយវេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវការពេលវេលាយូរដើម្បីបញ្ចប់។
ចំណែកផ្លូវតភ្ជាប់រវាងទីក្រុង Yar Gyi និងទីក្រុង Kalewa នៃប្រទេសមីយ៉ាន់ម៉ា មានចម្ងាយសរុបប្រហែល១២១,៨គីឡូម៉ែត្រ។ ផ្លូវនេះនឹងត្រូវអភិវឌ្ឍន៍ ទៅជាផ្លូវហាយវេចំនួន៤គន្លង។
លើសពីនេះ ផ្លូវហាយវេត្រីភាគី នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនតម្លៃអចលនទ្រព្យ។ ជារួម ការអភិវឌ្ឍន៍នឹងធ្វើឱ្យតម្លៃដីនៅតំបន់ក្បែរនោះហក់ឡើងថ្លៃ ដោយសារតែការតភ្ជាប់ទៅកាន់តំបន់ទាំងនេះ នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំង។
ហេតុនេះ វិស័យអចលនទ្រព្យអាចនឹងរីកដុះដាល ក្នុងរយៈពេលពេលដ៏ខ្លីខាងមុខ ជុំវិញតំបន់សាងសង់ផ្លូវហាយវេ ជាពិសេសនៅតាមទីក្រុងរបស់ប្រទេសឥណ្ឌា ដូចជា ទីក្រុងMoreh ទីក្រុងKohima និងទីក្រុងSrirampurជាដើម។
ការអភិវឌ្ឍន៍គម្រោងផ្លូវហាយវេនេះ ក៏នឹងជួយជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដោយនឹងនាំមកនូវ ឱកាសការងារដល់ប្រជាជន។ កត្តាទាំងអស់នេះនឹងជំរុញឱ្យមានតម្រូវការ លំនៅដ្ឋានកាន់តែច្រើន ព្រមទាំងជំរុញវិស័យពាណិជ្ជកម្ម នៅក្នុងតំបន់ទាំងនេះ ដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង៕ប្រភព: Magic Bricks៕
