តើមានមូលហេតុអ្វីខ្លះទើបជំរុញឱ្យបណ្តាអ្នកវិនិយោគងាកមកកាន់តំបន់អាស៊ានកាន់តែច្រើន?
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការនាំចេញរបស់ប្រទេសចិន ជួបប្រទះរបាំងពាណិជ្ជកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើទំនិ ញនាំចូលពីចិន។
ការណ៍នេះ បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរមូលដ្ឋានចេញពីចិនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ខណៈស្ថិរភាពហិរញ្ញវត្ថុរបស់តំបន់អាស៊ាន ក៏ជាកត្តាជំរុញទំនុកចិត្តរបស់អ្នកវិនិយោគផងដែរ។
ស្របពេលមានការរំពឹងទុកខ្ពស់ ចំពោះលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក នៅខែកញ្ញាខាងមុខ បណ្តាវិនិយោគិនបានចាប់ផ្តើម ងាកមកកាន់តំបន់អាស៊ាន ដើម្បីស្វែងរកឱកាសទីផ្សារ ខណៈអត្រាអតិផរណាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងបាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានរងផលប៉ះពាល់់ពីបញ្ហាប្រឈម ដូចជាកំណើនអតិផរណាសកល និងការហក់ឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក។ អតិផរណាបានជះផលអវិជ្ជមាន លើតម្រូវការទំនិញក្នុងស្រុក ខណៈការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណ ក្នុងស្រុករបស់តំបន់អាស៊ាន បានធ្វើឱ្យគ្រួសារជាច្រើន រងបន្ទុកបំណុលកាន់តែធ្ងន់ ដោយសារការបង់អត្រាការប្រាក់ខ្ពស់។
ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល និងការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណក្នុងស្រុក បានជំរុញឱ្យបណ្តាអ្នកវិនិយោគបង្វែរដើមទុនរបស់ពួកគេ ចេញពីតំបន់មួយទៅកាន់តំបន់មួយផ្សេងទៀត ដើម្បីបញ្ចៀសហានិភ័យដល់ប្រតិបត្តិការរបស់ខ្លួន។
យ៉ាងណាមិញ ថ្មីៗនេះស្ថានភាព បានចាប់ផ្តើមមានការប្រែប្រួល ស្របពេលដែលអតិផរណា ក្នុងតំបន់អាស៊ានសម្រេ ចបានស្ថិរភាព ហើយតម្លៃរូបិយប័ណ្ណក្នុងស្រុក បានកម្រើកឡើងវិញ។
នៅក្នុងអំឡុងសន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំនៅទីក្រុង Jackson Hole រដ្ឋ Wyoming កាលពីថ្ងៃទី២៣ ខែសីហា លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បានថ្លែងថា កំណើនហានិភ័យអតិផរណាកំពុងធ្លាក់ចុះ ហើយនេះជាពេលវេលាសមស្របមួយ សម្រាប់ធនាគារ Fed ក្នុងការបញ្ចុះអត្រាការប្រាក់។
គម្លាតអត្រាការប្រាក់រវាងអាមេរិក និងបណ្តាប្រទេសអាស៊ានបានរួមតូច។ ការណ៍នេះ ជួយឱ្យរូបិយប័ណ្ណក្នុងតំបន់មានភាពធន់ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ីបានស្ទុះងើបឡើង ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេល១៦ខែ ធៀបនឹងប្រាក់ដុល្លារកាលពីដើមខែសីហា។
ការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ក៏បានផ្តល់សន្ទុះវិជ្ជមានដល់ទីផ្សារ កំពុងរីកចម្រើនផ្សេងទៀត ដូចជា ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីល។ ទោះជាយ៉ាងនេះក្តី អ្នកវិនិយោគបានកត់សម្គាល់ឃើញ ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាន។
យោងតាមរបាយការណ៍ របស់ធនាគារកណ្តាលម៉ាឡេស៊ី(Negara Malaysia) បានឱ្យដឹងថា ផលទុនជាតិសរុប(GDP)របស់ម៉ាឡេស៊ី បានកើនឡើង៥,៩ភាគរយ នៅត្រីមាសទី២ ឆ្នាំ២០២៤។ តួលេខនេះកើនលើសពីការព្យាករណ៍ និងជាកំណើនខ្ពស់បំផុត គិតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងប្រទេសថៃបានកើនឡើងក្នុងត្រីមាសទី២ ឆ្នាំនេះ ក្នុងរង្វង់៦,៩៣ភាគរយ និង២,៣ភាគរយរៀងគ្នា។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
តំបន់អាស៊ានទទួលបានអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល ស្របពេលមានភាពតានតឹង រវាងចិន និងអាមេរិក។ ការដំឡើងពន្ធរបស់អាមេរិក លើទំនិញចិនបានរារាំងការនាំចេញ ពីប្រទេសមានសេដ្ឋកិច្ចធំជាងលំដាប់ទី២នៅលើពិភពលោក និងនាំឱ្យមូលដ្ឋានផលិតកម្ម កាន់តែច្រើនត្រូវបានបង្វែរមកកាន់តំបន់អាស៊ាន។
ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី បានស្រូបទាញកំណើននៃការវិនិយោគ នៅក្នុងវិស័យនានា ដូចជា រថយន្តអគ្គិសនី (EVs) និងថ្មអាគុយសាក ខណៈក្រុមហ៊ុនបរទេសធំៗ ក៏បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើការផលិតបន្ទះឈីប និងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។
យោងតាមទិន្នន័យបឋមបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅកាន់បណ្តាប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន បានកើនឡើងដល់ទំហំទឹកប្រាក់២២៩,៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដោយក្នុងនោះការវិនិយោគនៅសិង្ហបុរី វៀតណាម និងកម្ពុជាសម្រេចបានកំណើនគួរឱ្យកត់សម្គាល់៕ប្រភព:Nikkei Asia៕