ក្រុមហ៊ុនអន្តរជាតិចំនួន២បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុន Sinopec Guangzhou Engineering Co., Ltd។
ក្នុងជំនួបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុនSinopec Guangzhou Engineering Co., Ltd. ដឹកនាំដោយលោកAn Xiaodong អគ្គនាយករង នៃអង្គភាពធុរកិច្ច តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CITIC Construction Co., Ltd។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីឱ្យគណៈប្រតិភូនៃក្រុមហ៊ុនទាំងពីរ បានស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាទទួលបាននូវអនុសាសន៍ណែនាំល្អៗពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំផែនការវិនិយោគ សំដៅធ្វើឱ្យការស្នើសុំវិនិយោគមានភាពច្បាស់លាស់ និងងាយទទួលបានការសម្រេចអនុម័ត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែម អំពីផែនការអភិវឌ្ឍន៍វិស័យកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ ដែលមានភាពប្រទាក់ក្រឡានៅពាសពេញផ្ទៃប្រទេស ជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជានឹងផ្លាស់ប្តូរមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ នៅពេលបញ្ចប់ការសាងសង់ខាងមុខ៕