ក្រុមអ្នកវិភាគ: នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn អាចស្វែងរកមូលនិធិពីចិនដើម្បីសង់គម្រោង Land Bridge

0

ក្រុមអ្នកវិភាគ: នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn អាចស្វែងរកមូលនិធិពីចិនដើម្បីសង់គម្រោង Land Bridge
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា នាយករដ្ឋមន្ត្រីថៃថ្មីលោកស្រី Paetongtarn Shinawatra អាចនឹងសម្រេចចិត្ដ ដោយប្រុងប្រយ័ត្នបំផុត ក្នុងការអនុញ្ញាតឱ្យចិន បោះទុនវិនិយោគលើគម្រោង Land Bridge។
នៅពេលការសាងសង់បញ្ចប់រួចរាល់ គម្រោងនេះនឹងជួយកាត់ចម្ងាយធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅតំបន់អាស៊ី ដូចនឹងព្រែកជីក Panama ដ៏ល្បីរបស់ពិភពលោក។
ការរំពឹងទុកខាងលើកើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់ប្រទេសថៃរូបនេះ បានលើកឡើងពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងមិត្តភាពជាមួយចិន នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង កាលពីថ្ងៃទី១៨ ខែសីហា។ កាយវិការនេះ ត្រូវបានគេមើលឃើញថា ជាការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក Ken Mathis Lohatepanont និស្សិតសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Michigan បានលើកឡើងថា លោកស្រីPaetongtarn អាចនឹងយកគម្រូតាមនាយករដ្ឋមន្ដ្រីមុនៗ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។
គម្រោង Land Bridge នឹងជំនួសគម្រោងព្រែកជីកក្រា (Kra) ដោយតភ្ជាប់សមុទ្រ Andaman ជាមួយឈូងសមុទ្រថៃ។ Land Bridge បានទទួលការសាទរ ដោយសារគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។
ការកសាងផ្លូវវាង សម្រាប់ការដឹកជញ្ជូនរបស់ថៃ ទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសចិន ខណៈបច្ចុប្បន្ន ចិនតែងបញ្ជូននាវាឆ្លងកាត់ ច្រកសមុទ្រម៉ាឡាកា ជាច្រកយុទ្ធសាស្ត្រដ៏សំខាន់។
ច្រកសមុទ្រម៉ាឡាកា ក៏ជាផ្លូវទឹកដ៏សំខាន់សម្រាប់ចិន ក្នុងការនាំចូលប្រេងឆៅ ពីតំបន់មជ្ឈិមបូព៌ា និងវត្ថុធាតុដើមពីតំបន់អាហ្វ្រិក។បច្ចុប្បន្ននេះ នាវាប្រហែល៩៤.០០០គ្រឿងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាលថៃបានស្វែងរក ប្រភពហិរញ្ញប្បទាន ដើម្បីបន្តស្ថាបនា គម្រោងប្រវែង៩០គីឡូម៉ែត្រនេះ ខណៈគម្រោងត្រូវការទុនវិនិយោគ យ៉ាងតិចណាស់២៨,៦ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមកាសែត South China Morning Post។
យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនទាន់បានបង្ហាញគោលជំហរជាផ្លូវការណាមួយនៅឡើយទេ។
ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីខែតុលា ឆ្នាំមុនថា ក្រុមហ៊ុនម៉ៅការរបស់រដ្ឋចិន China Harbor Engineering កំពុងពិចារណា លើការរួមចំណែកជាមួយរដ្ឋាភិបាលថៃ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យហុងកុង New World Development ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានផ្តល់យោបល់ឱ្យ ក្រុមមន្ត្រីថៃត្រៀមខ្លួន សម្រាប់ការចរចាជាមួយប្រភព ផ្តល់មូលនិធិដ៏មានសក្តានុពលពីប្រទេសចិន។
លោក Peng Peng ប្រធានប្រតិបត្តិនៅស្ថាប័នប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច Guangdong Society of Reform បានមានប្រសាសន៍ឱ្យដឹងថា“ភាគីទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគនេះ។ ប៉ុន្តែគម្រោងនេះមានទំហំធំ ហើយត្រូវការពេលវេលា”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here