ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្សព្វផ្សាយពីបរិយាកាសនិងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា”ជាលើកដំបូង នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
-->
សិក្ខាសាលានេះ មានការចូលរួមពីលោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)” ដែលប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានការអញ្ជើញចូលរួម ពីសំណាក់លោកIMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, លោកIWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yukihiro Ikawa ប្រធានសមាគម Tokyo New Business Conference (NBC) និងជាប្រធានក្រុមហ៊ុន Creek and River Co., Ltd. ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលជាសមាជិកសមាគម NBC និងសមាជិកនៃសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន មានសរុបប្រមាណ៥០នាក់។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ និងមានតម្លាភាព ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា។
ជាលទ្ធផល សិក្ខាសាលាបានបញ្ចប់ដោយផ្លែផ្កា និងទទួលបានចំណាប់អារម្មណ៍ខ្ពស់ ពីវិនិយោគិនជប៉ុន ជាពិសេសបានបញ្ជាក់ ពីការអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ពីស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ នាពេលខាងមុខ៕

