លោកជំទាវអភិបាលខេត្តកោះកុងគាំទ្រការវិនិយោគរបស់
ក្រុមហ៊ុនតារាសាគរ
ដោយៈ គង់ សូរិយា
កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានទទួលស្វាគមន៍ និងបង្ហាញការគាំទ្រដល់គំរោងវិនិយោគថ្មីៗ របស់ក្រុមហ៊ុនតារាសាគរ ក្នុងខេត្តកោះកុង។
លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោកស្រី SUNG YING នាយកប្រចាំក្រុមហ៊ុន តារាសាគរ ក្នុងទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុងកាលពីដើមសប្តាហ៍នេះ។
លោកជំទាវមិថុនា ភូថងបានបញ្ជាក់ថា “ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៅទីនេះ មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ព្រះតេជព្រះគុណ ព្រះមង្គលបញ្ញាបណ្ឌិត និងលោកស្រីនាយកប្រចាំក្រុមហ៊ុន តារាសាគរ”។
លោកជំទាវបានបន្តថា ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីត្រេកអរ រីករាយ និងសូមគាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែងអស់ពីលទ្ធភាព ចំពោះគោលបំណង ក្នុងការធ្វើការវិនិយោគរបស់ប្រតិភូ ដើម្បីឱ្យខេត្តកោះកុងយើងខ្ញុំ កាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់បន្ថែមនាពេលអនាគត៕