ប្រជាជនថៃកំពុងងាកចេញពីកូរ៉េខាងត្បូងទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតក្នុងតំបន់
ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនភ្ញៀវទេសចរណ៍ថៃ ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ខណៈប្រជាជនថៃភាគច្រើនបានបង្ហាញការមិនពេញចិត្ត ចំពោះនីតិវិធីអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់អាជ្ញាធរកូរ៉េខាងត្បូង។
ផ្ទុយទៅវិញ ភ្ញៀវទេសចរណ៍ថៃ បានសម្រេចជ្រើសរើសគោលដៅទេសចរណ៍ផ្សេង ដូចជានៅប្រទេសចិន និងប្រទេសជប៉ុនជំនួស ដោយសារប្រទេសទាំង២ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការ និងតម្លៃចំណាយសមរម្យជាងមុន។
នីតិវិធីអន្តោប្រវេសន៍នៅកូរ៉េខាងត្បូង ត្រូវបានរឹតបន្តឹង ចាប់តាំងពីឆ្នាំមុន។ ការណ៍នេះបណ្តាលឱ្យជនជាតិថៃជាច្រើនពិបាកចូលទៅកម្សាន្ត ទោះបីជាពួកគេបានដាក់ពាក្យស្នើសុំទិដ្ឋាការតាមអេឡិចត្រូនិកទុកជាមុនយ៉ាងណាក្តី។
ប៉ុន្តែយោងតាមសារពត៌មាន Nikkei Asia បានចុះផ្សាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងរឹតបន្តឹងបទប្បញ្ញត្តិអន្តោប្រវេសន៍ ដើម្បីដោះស្រាយបញ្ហាលំហូរពលករខុសច្បាប់ មកពីប្រទេសថៃចូលមកធ្វើការនៅកូរ៉េខាងត្បូង។
កាលពីមុនវិបត្តិផ្ទុះជំងឺកូវីដ-១៩ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យពលរដ្ឋថៃ និងប្រទេសផ្សេងទៀតស្នាក់នៅចំនួន៩០ថ្ងៃ ប្រសិនបើពួកគេទទួលបានការឯកភាព ជាមុន តាមរយៈការដាក់ពាក្យស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិករបស់កូរ៉េខាងត្បូង(K-ETA)។
ការអនុញ្ញាតរយៈពេលស្នាក់នៅវែងបែបនេះ បានធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ ចូលទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងស្វែងរកការងារ មានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ជនជាតិថៃមួយចំនួន បានប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្ម និងបង្កផលប៉ះពាល់ ដល់សន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង។
កាលពីដំណាច់ចុងឆ្នាំ២០២៣ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នៅក្នុងប្រទេសថៃ បានធ្វើពហិការចំពោះភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង ដោយសារពួកគេមិនពេញចិត្តនឹងចំណាត់ការ របស់កូរ៉េខាងត្បូងមកលើប្រជាជនថៃ។
យោងតាមតាមការប៉ាន់ប្រមាណ របស់អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ថៃ ចូលទៅកាន់កូរ៉េខាងត្បូងបានដាំក្បាលចុះ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម១១៩.០០០នាក់។ ចំនួននេះជាកម្រិតទាបណាស់ បើធៀបនឹងភ្ញៀវទេសចរណ៍ថៃ ចំនួន៥៧២.០០០នាក់ចូលទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩ ផ្ទុះឡើង។
លោក Yuttachai Suntornrattanavert អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានបញ្ជាក់ប្រាប់សារពត៌មាន Nikkei Asia ថា “លោកបានដឹងអំពីការធ្វើពហិការ ភ្ញៀវទេសចរណ៍កូរ៉េកាលពីប៉ុន្មានខែមុន។ នេះជាលើកទី១ហើយ ដែលយើងមើលឃើញការជះឥទ្ធិពលនេះ ដោយយោងតាមស្ថិតិច្បាស់លាស់”។
ក្រៅពីការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ លោក Yuttachai បានបកស្រាយថា ការធ្លាក់ចុះយ៉ាងគំហុក នៃចំនួនភ្ញៀវទេសចរថៃំ ចូលទៅកាន់កូរ៉េខាងត្បូង ក៏អាចបណ្តាលមកពីប្រជាជនថៃគិតថា ប្រទេសកូរ៉េខាងត្បូងមានតំបន់ទេសចរណ៍តិច។
លោក Yuttachai បន្ថែមថា ប្រជាជនថៃ ចូលចិត្តជ្រើសរើសគោលដៅទេសចរណ៍ចិន និងជប៉ុនជាបណ្តើរៗ ជំនួសឱ្យកូរ៉េខាងត្បូង ដោយសារតែចិន និងជប៉ុនមាននីតិវិធីងាយស្រួលជាង គួបផ្សំជាមួយទេសភាពស្រស់ស្អាត និងអាកាសធាតុអំណោយផលល្អ៕ប្រភព:Nikkei Asia៕