វិនិយោគិនបរទេសសម្រុកបោះទុនសាងសង់លំនៅដ្ឋានរាប់ម៉ឺនយូនីតក្បែរទីក្រុងហូជីម៉ិញ
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបរទេសកំពុងសម្រុកទៅកាន់ខេត្ត Binh Duong ក្បែរទីក្រុងហូជីមិញ ដើម្បីបោះទុនវិនិយោគលើលំនៅដ្ឋាន មានតម្លៃសមរម្យ ដោយសារតំបន់នេះមានដីធ្លីច្រើន និងមានតម្លៃប្រកួតប្រជែង។
-->
លំនៅដ្ឋានមានតម្លៃសមរម្យ សំដៅលើអចលនទ្រព្យមានតម្លៃប្រហែល៤០លានដុង (១.៥៨០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ នៅទីក្រុងហូជីមិញ និងសំដៅលើអចលនទ្រព្យមានតម្លៃចន្លោះពី២៥លានដុង ទៅ៣៥លានដុង ក្នុងមួយម៉ែត្រការ៉េនៅក្នុងបណ្តាខេត្តជាប់ក្បែររដ្ឋធានី។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ វៀតណាម TT Capital និងក្រុមហ៊ុនជប៉ុនចំនួន២ បានប្រកាសបណ្តាក់ទុនរួមគ្នា ប្រហែល១៥០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីសាងសង់អាផាតម៉ិន មានតម្លៃសមរម្យរាប់ពាន់យូនីត នៅខេត្ត Binh Duong និងខេត្តផ្សេងទៀតនៅជិតទីក្រុងហូជីមិញ។
ជាមួយគ្នានេះ ក្រុមហ៊ុនវៀតណាម Bcons Group បានចាប់ដៃគូ ជាមួយសហគ្រាសថៃ A Asset ដើម្បីអភិវឌ្ឍន៍គម្រោងអាផាតម៉ិន មានតម្លៃសមរម្យចំនួន១១គម្រោង ដោយមានចំនួនអាផាតម៉ិនជិត៩.០០០យូនីតនៅខេត្ត Binh Duong។
ចំណែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CapitaLand ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានបើកសម្ពោធគម្រោងលំនៅដ្ឋានទំហំ១៩ហិកតា នៅក្នុងខេត្តខាងលើដូចគ្នា ដែលមានផ្ទះចំនួន៣.៥០០យូនីត។
យោងតាមនាយកដ្ឋានរៀបចំផែនការ និងការវិនិយោគខេត្ត Binh Duong បានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកាន់ខេត្តមួយនេះ មានទំហំទឹកប្រាក់ប្រហែល៨២៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទៅក្នុងគម្រោងបណ្តាក់ទុនថ្មីចំនួន៩៦ និងគម្រោងដែលមានស្រាប់ជាច្រើនទៀត។
ក្រុមអ្នកជំនាញបានលើកឡើងថា ខេត្តBinh Duong ស្ថិតនៅជាប់ ជាមួយទីក្រុងហូជីមិញ មានដីធ្លីទំនេរច្រើន ព្រមទាំងមានការរឹតបន្តឹងតិចជាងមុន លើការសាងសង់អគារខ្ពស់ៗ ការសម្រួលនីតិវិធីច្បាប់ និងបរិយាកាសអាជីវកម្ម ប្រកបដោយតម្លាភាព។ ដូច្នេះ ថ្លៃចំណាយលើការសាងសង់ គម្រោងនៅទីនោះ មានកម្រិតទាបជាង នៅតាមបណ្តាខេត្តផ្សេងទៀត៕ប្រភព: Vnexpress៕
