ហ្វីលីពីនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តជាប់គ្នា
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន-ចិនបានឱ្យដឹងថា ការអភិវឌ្ឍន៍តំបន់ Greater Manila Bay ស្រដៀងនឹងតំបន់សេដ្ឋកិច្ចពិសេសក្វាងទុង -ហុងកុង-ម៉ាកាវរបស់ប្រទេសចិន កំពុងត្រូវបានជំរុញ ដើម្បីទាក់ទាញទុនវិនិយោគបន្ថែម ចូលទៅកាន់ប្រទេសហ្វីលីពីន។
លោក Cecilio Pedro ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន-ចិន បានលើកឡើងថា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល លោក Huang Xilian បានស្នើឡើងអំពីការអភិវឌ្ឍន៍តំបន់ Greater Manila Bay ទៅកាន់អ្នកធុរកិច្ចហ្វីលីពីន និងចិន។
ភាគីចិនសម្លឹងឃើញសក្ដានុពល ស្របពេលរដ្ឋាភិបាលហ្វីលីពីន កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តភ្ជាប់រវាងទីក្រុង Bataan និងទីក្រុងCavite។ ដូច្នេះ នៅចន្លោះកណ្តាលរវាងទីក្រុងទាំង២ រួមមាន រដ្ឋធានីម៉ានីល និងបណ្តាខេត្តជាប់ព្រំទល់ជុំវិញរដ្ឋធានី(Greater Manila) ។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន-ចិន (FFCCCII) បង្ហាញការជឿជាក់ថា ការបង្កើតតំបន់នេះ អាចជួយនាំមកនូវការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសហ្វីលីពីន។
ស្របពេលរដ្ឋាភិបាលហ្វីលីពីន កំពុងជំរុញឱ្យមានការអភិវឌ្ឍន៍តំបន់ច្រករបៀងសេដ្ឋកិច្ច Luzon ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងជប៉ុន លោក Pedro បានសង្កត់ធ្ងន់ថា លោកមិនមើលឃើញបញ្ហាណាមួយ ក្នុងការធ្វើការអភិវឌ្ឍន៍តំបន់ Greater Manila Bay នោះទេ។
តំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិន គ្របដណ្តប់ ទៅលើទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងចំនួន៩ នៅក្នុងខេត្តក្វាងទុង ដូចជា ទីក្រុងក្វាងចូវ ស៊ិនជិន ជូហៃ ហ្វូសាន ហ៊ួយចូវ តុងក្វាន់ ជុងសាន ជាំងម៉េន និងចូវឈីង។
តំបន់ Greater Bay Area ត្រូវបានសាងសង់ឡើងជុំវិញមជ្ឈមណ្ឌលសេដ្ឋកិច្ច នៅតំបន់ដីសណ្ដទន្លេ Pearl River ក្នុងខេត្តក្វាងទុង ក៏ដូចជាមជ្ឈមណ្ឌលផលិតកម្ម ខ្នាតយក្សរបស់ទីក្រុងស៊ិន ជិន (Shenzhen)។
តំបន់នេះមានទំហំផលទុនជាតិសរុប(GDP) ចំនួន១,៩៨ទ្រីលានដុល្លារអាមេរិក។ ការណ៍នេះបានជំរុញឱ្យតំបន់ Greater Bay Area ស្ថិតក្នុងចំណោមតំបន់ មានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសចិន៕ប្រភព:Phil star៕