អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃត្រៀមពង្រីកបន្ថែម ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ

0

អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃត្រៀមពង្រីកបន្ថែម ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសថៃ គ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅក្នុងខេត្តសាមុតប្រាកាន ដើម្បីបង្កើនសមត្ថភាពទទួល អ្នកដំណើរចំនួន៨០លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣១ខាងមុខ។

លោក Kerati Kijmanawat ប្រធានក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន Airports of Thailand ចំណុះក្រសួងដឹកជញ្ជូនថៃ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនកំពុងពិនិត្យមើលផែនការមេ សម្រាប់ការពង្រីកសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងរយៈពេល១០ឆ្នាំទៅមុខ។

ការពង្រីកនេះ មានគោលបំណងបំពេញ តាមគោលដៅរបស់រដ្ឋាភិបាលថៃ ក្នុងការធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទទួលបានចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានកំពូលទាំង២០នៅលើពិភពលោក។

នៅក្រោមផែនការមេ ថៃគ្រោងសាងសង់ស្ថានីយអ្នកដំណើរថ្មីមួយ ឈ្មោះ“South Terminal” ស្ថិតនៅប៉ែកខាងត្បូងនៃអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទំហំទឹកប្រាក់ប៉ាន់ស្មានចំនួន១២០ពាន់លានបាត និងស្ថាបនាផ្លូវរត់ទី៤ ក្នុងតម្លៃ២០ពាន់លានបាត។

លោកបានលើកឡើងថា នៅពេលហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង២នេះសាងសង់រួចរាល់ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នឹងអាចផ្ទុកអ្នកដំណើរ បានប្រហែល៨០លាននាក់ក្នុងមួយឆ្នាំ។

លោក Kerati Kijmanawat បានបញ្ជាក់ថា ការត្រួតពិនិត្យផែនការមេ នឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៥ ហើយយើងនឹងបញ្ជូនផែនការមេ ទៅកាន់ក្រសួងដឹកជញ្ជូន ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តថវិកា។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា ដំណើរការនេះត្រូវការពេលយ៉ាងតិចណាស់៣ខែ។

លោក​បានបន្ត​ថា ការ​ដេញ​ថ្លៃ​សម្រាប់​ការ​សាង​សង់​គម្រោង​​ នឹង​រៀបចំ​នៅ​ដើម​ឆ្នាំ ២០២៧ ហើយស្ថានីយ​​ South Terminal ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ត្រូវ​ការ​រយៈ​ពេល៤ឆ្នាំ​កន្លះ​ក្នុង​ការ​សាង​សង់បញ្ចប់ ខណៈផ្លូវរត់ទី៤ត្រូវ​ចំណាយរយៈ​ពេលសាង​សង់​ប្រហែល៤ឆ្នាំ៕ប្រភព: Bangkok Post

 

LEAVE A REPLY

Please enter your comment!
Please enter your name here